វីដេអូ​បែប​បង្រៀន​មួយ​លើ​ ​YouTube​ ​មាន​អ្នកមើល​ច្រើនជាង​គេ​បំផុត​

​យោង​តាម​ការ​ចុះ​ស្ទង់មតិ​ពី​យុវវ័យ​សញ្ជាតិ​អាមេរិក​ចំនួន​ ​4,600នាក់​ពី​ក្រុមការងារ​ ​Pew​ ​Research​ ​ចន្លោះ​ខែឧសភា​ ​ដល់​មិថុនា​ ​ឆ្នាំ2018​ ​បាន​រក​ឃើញ​លទ្ធផល​ជា​ផ្លូវការ​មួយ​ ​និង​បាន​ធ្វើការ​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

​ប្រភេទ​វីដេអូ​ចែករំលែក​ចំណេះដឹង​ក្រោម​ពាក្យគន្លឹះ​ ​“​How​-​to​”​ ​បាន​រក​ឃើញថា​ ​មាន​អ្នកប្រើ​ប្រាស់​ ​YouTube​ ​ដល់ទៅ​ ​87ភាគរយ​ចូលចិត្ត​វីដេអូ​បែបនេះ​ ​ដោយ​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី​ ​18​ ​ទៅ​ ​29ឆ្នាំ​ធៀប​នឹង​តួលេខ​ទាប​នៃ​អ្នកប្រើ​អាយុ​ចន្លោះ​ពី​ ​65​ ​ឬ​ខ្ពស់​ជាង​នេះ​។​ ​

​ទោះជា​មិន​មាន​តួលេខ​ច្បាស់លាស់​ពី​ទំហំ​វីដេអូ​ ​How​-​to​ ​មាន​ចែកចាយ​លើ​ ​YouTube​ ​នា​ពេល​បច្ចុប្បន្ន​ក្ដី​ ​ប៉ុន្តែ​ត្រឡប់ទៅ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ក្រុមហ៊ុន​ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ថា​ ​មាន​ប្រមាណ​ ​135លាន​វីដេអូ​។​

​នាយក​ប្រតិបត្តិ​ ​YouTube​ ​លោកស្រី​ ​Susan​ ​Wojcicki​ ​ក៏​ធ្លាប់​មានប្រសាសន៍​ដែរ​ថា​៖​ ​”​យើង​ប្ដេជ្ញា​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកបង្កើត​ទាំងអស់​ដែល​ចង់​ចែករំលែក​ចំណេះដឹង​ទៅកាន់​ពិភពលោក​ ​និង​អ្នកប្រើ​ប្រាស់​ដែល​ចូល​មកកាន់​វេទិកា​របស់​យើង​ដើម្បី​ចង់​សិក្សា​រៀនសូត្រ​”​។​

​យ៉ាងណាមិញ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ​ ​ក៏​មាន​ផែនការ​ពង្រឹង​បន្ថែម​លើ​មាតិកា​ចែករំលែក​ចំណេះដឹង​ ​ដោយ​គ្រោង​ចំណាយ​ ​20លាន​ដុល្លារ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នកបង្កើត​មាតិកា​ឯករាជ្យ​ ​និង​ផលិតករ​អាជីព​៕​

Advertisement