ទុក​ទូរស័ព្ទ​ក្បែរ​ខ្លួន​ ​ពេល​គេង​អាច​បណ្ដាល​ឱ្យ​កើតជំងឺ​មហារីក​ ​និង​មេជី​វិត​ថយ​ចុះ​

​ផ្អែក​តាម​ការណែនាំ​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​មន្ទីរ​សុខភាព​នៃ​រដ្ឋ​ ​California​ ​បានឱ្យ​ដឹង​ថា​ ​ការ​ទុក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ននៅ​ក្បែរ​ខ្លួន​ពេល​គេង​ ​អាច​បណ្ដាល​ឱ្យ​កើតមាន​ជំងឺមហារីក​ ​និង​មេជី​វិត​ថយ​ចុះ​។​

​មន្ទីរ​សុខភាព​នោះ​បាន​ណែនាំ​ថា​ ​គួរ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​គ្រប់ពេល​ ​ហើយ​ពេល​គេង​គួរ​ដាក់​វា​នៅ​ចម្ងាយ​ឈោងដៃ​ផុត​។​ ​ការ​ធ្វើ​ដូចនេះ​អាច​កាត់បន្ថយ​ការ​សាយភាយ​នៃ​សារធាតុ​វិទ្យុសកម្ម​ពី​សេវា​ទូរស័ព្ទ​បាន​។​ ​ទូរស័ព្ទ​បាន​បញ្ចេញ​រលក​វិទ្យុសកម្ម​ដែល​មាន​ក​ម្រិ​ត​ហ្រេ្វ​កង់​ទាប​ ​ជា​សារធាតុ​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ាញេទិក​មួយ​ប្រភេទ​ដែល​កន្លងមក​គេ​សិក្សា​ឃើញថា​ ​មិន​មាន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។​ ​ប៉ុន្តែ​មន្ទីរ​សុខភាព​នៃ​រដ្ឋ​ ​California​ ​បាន​និយាយ​ថា​ ​ពេលនេះ​មានការ​សិក្សា​គ្រប់គ្រាន់​ ​ដែល​បង្ហាញថា​សេវា​ទូរស័ព្ទ​ ​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ ​ដែល​គ្រប់គ្នា​គួរ​ប្រុងប្រយ័ត្ន​។​

​គ្មាន​ការ​ឯកភាព​ទូលំទូលាយ​ក្នុង​សហគមន៍​វេជ្ជសាស្ត្រ​ ​ឬវិទ្យា​សាស្ត្រ​អំពី​ចំណុច​ដែល​ថា​ ​សេវា​របស់​ទូរស័ព្ទ​អាច​ប៉ះពាល់​ដល់​សុខភាព​ ​ឬមិន​ប៉ះពាល់​នោះ​ឡើយ​។​ ​យ៉ាងណាក្ដី​ ​នៅ​ទីក្រុង​មួយចំនួន​ក្នុង​រដ្ឋ​ ​California​ ​ចាប់ផ្ដើម​ចេញ​ការព្រមាន​ជា​សាធារណៈ​ ​មិន​ឱ្យ​កាន់​ទូរស័ព្ទ​ជាប់នឹង​ខ្លួន​រយៈពេល​យូរ​នោះ​ទេ​។​ ​ជាពិសេស​ការ​ទុក​ទូរស័ព្ទ​នៅ​ជាប់​ខ្លួន​ ​ពេល​កំ​ពុង​ដោន​ឡូដ​ឯក​សារ​ធំៗ​ ​ឬ​ពេល​ទស្សនា​វីដេអូ​ ​ដោយសារ​វា​ជា​ពេល​ដែល​ទូរស័ព្ទ​ជះ​វិទ្យុសកម្ម​ខ្លាំង​ជាង​ធម្មតា​។​

​វេជ្ជបណ្ឌិត​ ​Devra​ ​Davis​ ​នៃ​ ​Environmental​ ​Health​ ​Trust​ ​បាន​និយាយ​ថា​៖​ ​”​ការ​ទុក​ទូរស័ព្ទ​ជាប់​ខ្លួន​មិនមែន​ជា​គំនិតល្អ​នោះ​ទេ​”​។​ ​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ប្រទេស​បារាំង​ ​បាន​ចេញ​ការ​ហាមឃាត់​មិន​ឱ្យ​ប្រើ​ទូរស័ព្ទ​ចាប់ពី​ថ្នាក់​បឋមសិក្សា​ ​ដល់​ថ្នាក់​មធ្យមសិក្សា​ ​ដោយសារតែ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​បាន​រក​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​ទូរស័ព្ទ​នេះ​ ​ប៉ុន្តែ​វេជ្ជបណ្ឌិត​ ​Devra​ ​និយាយ​ថា​ ​យុវវ័យ​ក៏​គួរតែ​បារម្ភ​ពី​រឿង​នេះ​ដែរ​៕​




Advertisement