ចិន​ ​ត្រៀម​ទៅ​ភព​ផ្កាយ​ព្រះអង្គារ​ ​ក្រោយពេល​ធ្វើតេស្ត​យាន​ចុះចត​លើ​ដី​ភព​ព្រះចន្ទ​រួច​

​កាលពី​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​2019​ ​ចិន​បាន​ធ្វើតេស្ត​ចុះចត​យាន​អាវ​កាស​មួយ​នៅ​ខេត្ត​ ​Hebei​ ​ក្នុង​គោលបំណង​បញ្ជូន​យានអវកាស​នោះ​ទៅកាន់​ភព​ផ្កាយ​ព្រះអង្គារ​នៅ​ឆ្នាំ​ ​2020​ ​ដោយ​អង្គការ​អវកាស​ចិន​អះអាង​ថា​ ​ចិន​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​បេសកកម្ម​ពិភព​ផ្កាយ​ព្រះអង្គារ​នេះ​ហើយ​។​

​ការសាកល្បង​ចុះចត​នេះ​ ​ធ្វើឡើង​នៅ​តំបន់​ដែល​មាន​លក្ខណៈ​ស្រដៀងនឹង​ផ្ទៃដី​លើ​ភព​ផ្កាយ​ព្រះអង្គារ​ ​ពោល​គឺ​មាន​ភ្នំ​តូច​ៗ​ ​ឬ​ទីទួល​ដែល​ពោរពេញ​ដោយ​ថ្ម​ ​ដែល​ធ្វើ​ឱ្យ​យាន​នោះ​អាច​យល់ដឹង​ពី​ការ​ធ្វើដំណើរ​ឡើងចុះ​ទួល​នៅ​លើ​ភព​ក្រហម​នោះ​ដោយខ្លួន​វា​បាន​។​

​លោក​ ​Zhang​ ​Kejian​ ​ប្រធាន​អង្គការ​អវកាស​ជាតិចិន​ ​បាន​ថ្លែង​នៅមុន​ការ​ធ្វើតេស្ត​នេះ​ថា​៖​ ​ក្នុង​ឆ្នាំ2016​ ​ចិន​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​ការងារ​បេសកកម្ម​រុករក​ភព​ផ្កាយ​ព្រះអង្គារ​ ​ហើយ​ឥឡូវនេះ​គ្រប់ការ​ងារ​អភិវឌ្ឍន៍​ទាំងអស់​កំពុង​ដំណើរការ​យ៉ាង​រលូន​ហើយ​។​ ​ជាមួយគ្នា​នេះ​ ​ចិន​បាន​អភិវឌ្ឍ​គ្រាប់​រ៉ុក្កែត​ ​Long​ ​March​ ​5​ ​ដែល​មាន​កម្លាំង​ខ្លាំង​ដើម្បី​បាញ់បង្ហោះ​នាំ​យក​យានអវកាស​ទៅកាន់​ភព​ផ្កាយ​ព្រះអង្គារ​។​

​បើ​តាម​លោក​ ​Zhang​ ​Rongqiao​ ​ប្រធាន​ស្ថាបត្យករ​នៃ​កម្មវិធី​រុករក​ភព​ផ្កាយ​ព្រះអង្គារ​ ​បានឱ្យ​ដឹង​ថា​ ​ការ​បាញ់បង្ហោះ​ពី​ផែនដី​ទៅ​ភព​ផ្កាយ​ព្រះអង្គារ​ ​ត្រូវ​ប្រើ​ពេល​ ​7​ ​ខែ​ ​ចំណែក​ឯ​ការ​ចុះចត​លើ​ផ្ទៃដី​ភព​ផ្កាយ​ព្រះអង្គារ​ ​ប្រើ​ពេល​ត្រឹមតែ​ ​7នាទី​ប៉ុណ្ណោះ​។​

​ដោយឡែក​កាលពី​ខែមករា​ ​ឆ្នាំ​ ​2019​ ​ចិន​បានសម្រេច​ជោគជ័យ​លើកដំបូង​ជា​ប្រវត្តិ​សាស្រ្ត​ ​ក្នុង​ការ​ចុះចត​យានអវកាស​មួយ​ឈ្មោះ​ ​Chang’e​-​4​ ​នៅ​លើ​ផ្នែក​ម្ខាងទៀត​នៃ​ភព​ព្រះចន្ទ​ ​(​តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិន​អាច​មើលឃើញ​ ​និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យានអវកាស​ទៅដល់​)​៕​


Advertisement