ចិន ​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត តែ​សុខចិត្ត​​បើក​លើ​ដីស្ថាន​ព្រះចន្ទ​យឺតៗ

December 9, 2019​ ម៉ោង 2:23 pm

យាន​​រ៉ូបូត Yutu-2 នៃបេសកកម្ម Chang’e-4 បាន​បើកបរ​នៅ​លើផ្ទៃដី​ផ្នែកម្ខាង​ទៀត​នៃ​ពិភពស្ថានព្រះចន្ទ (ផ្នែកតំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) បាន​ចម្ងាយ​ជាង​ 345ម៉ែត្រហើយ ក្នុងរយៈពេល​ជិត 1ឆ្នាំមកនេះ។ នេះបើតាម​ការ​បញ្ជាក់​របស់រដ្ឋបាល​អវកាសជាតិចិន (CNSA) កាលពី​ថ្ងៃទី4 ខែធ្នូ ឆ្នាំ2019។

ការ​ចុះចត​យាន​ Yutu-2 លើផ្ទៃដីស្ថានព្រះចន្ទ​កាលពី​ថ្ងៃទី​3 ខែ​មករា ឆ្នាំ​2019 កន្លងមកនេះ គឺដើម្បី​រុករករ៉ែ និង​សិក្សាពី​រចនាសម្ព័ន្ធ​ និងគំរូនានា។

ប្រភពពី CNSA បានពន្យល់ថា ​ការបើកបរបាន​ត្រឹមចម្ងាយប៉ុណ្ណឹង គឺដោយសារតែ​ភូមិសាស្រ្តនៅលើពិភពនោះមានភាព​ស្មុគស្មាញ ស្ថានភាពដីរដិបរដុប និងមានរណ្តៅទៀតផង ដូច្នេះទើបវិស្វករ​អវកាសចិន បាន​កំណត់ផ្លូវបើករបស់យានអវកាសមួយនេះ ដើម្បី​ធានាសុវត្ថិភាព ពោលគឺមានន័យថា សុខចិត្តយឺត តែមិនមានបញ្ហា៕