អ្នក​វិទ្យា​សាស្ដ្រ​ស្នើបង្កើត​ស្ថានីយ​​អវកាស​យក្សដើម្បី​បំផ្លាស់់ទី​ប្រព័ន្ធ​ព្រះ​អាទិត្យ​​ ចេញ​ពី​តំបន់​គ្រោះថ្នាក់

អ្នកវិទ្យាសាស្ដ្រស្នើបង្កើតស្ថានីយអវកាសខ្នាតយក្សមួយដើម្បីបំផ្លាស់ទីប្រព័ន្ធព្រះអាទិត្យ ចេញពីតំបន់គ្រោះថ្នាក់

អ្នកវិទ្យាសាស្ដ្រគិតថា មធ្យោបាយដែលពួកគេនឹងប្រើប្រាស់នោះ មានកម្លាំងគ្រប់គ្រាន់ដើម្បីបម្លាស់ទីប្រព័ន្ធព្រះអាទិត្យរបស់យើង ចេញពីតំបន់គ្រោះថ្នាក់បាន។

របៀប​ដំណើរ​ការ​របស់​ស្ថានីយបំផ្លាស់​ទី​ប្រព័ន្ធ​ព្រះអាទិត្យ

នៅក្នុងលម្ហអវកាស គេសង្កេតឃើញថា មានអាចម៍ផ្កាយតូច-ធំរាប់មិនអស់ កំពុងហោះក្នុងល្បឿនរាប់រយគីឡូម៉ែត្រ/វិនាទី ហើយអនាគតខាងមុខ ពួកវាអាចហោះមកបុកផែនដីបាន។ ជាងនេះទៀត គេក៏សង្កេតឃើញមានផ្កាយខ្លះកំពុងតែផ្ទុះយ៉ាងកក្រើកមេឃផងដែរ ដែលគេហៅថា Supernova។ ដូច្នេះ មានតែតំបន់លម្ហអវកាសធំធេងចន្លោះផ្កាយនានានោះទេ ដែលមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្ដី ប្រព័ន្ធព្រះអាទិត្យ ក៏ដូចជាផែនដីដែរ នឹងនៅតែប្រឈមនឹងហានិភ័យដូចគ្នា។

ដើម្បីដោះស្រាយបញ្ហាខាងលើ បណ្ឌិត Matthew Caplan មកពីសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក បានស្នើឱ្យមានការបង្កើតស្ថានីយអវកាសខ្នាតយក្សមួយ ដែលមានឈ្មោះថា Caplan Thruster។ ស្ថានីយអវកាសនេះ អាចបំផ្លាស់ទីប្រព័ន្ធព្រះអាទិត្យចេញពីតំបន់គ្រោះថ្នាក់បាន។ ស្ថានីយអវកាស Caplan Thruster នឹងយកថាមពលពីព្រះអាទិត្យមកធ្វើជាកម្លាំងរុញដែលដូចនឹងគ្រាប់រ៉ុក្កែតដែរ។

ស្ថានីយអវកាសខ្នាតយក្សនេះ នឹងត្រូវបំពាក់ម៉ាស៊ីនប្រើថាមពលនុយក្លេអ៊ែរចំនួន2 ក្នុងនោះម៉ាស៊ីនមួយនឹងប្រើដើម្បីបំប្លែងអេលីយ៉ូមពីព្រះអាទិត្យទៅជាអុកស៊ីហ្ស៊ែនវិទ្យុសកម្មដែលមានកម្ដៅ 1ពាន់លានអង្សាសេ ដើម្បីរុញច្រានផ្កាយនានាទាំងនោះ។

Caplan Thruster មិន​ត្រឹម​តែ​អាច​បំលាស់​ទី​ប្រព័ន្ធ​ព្រះ​អាទិត្យ​ចេញ​ពីតំបន់​គ្រោះ​ថ្នាក់​ក្នុង​ Milky Way នោះ​ទេ តែ​អាច​ចេញផុត​ពី​ទី​នេះ​ផងដែរ

លោកបណ្ឌិត Matthew Caplan បន្តថា វិធីខាងលើមិនត្រឹមតែអាចបំផ្លាស់ទីប្រព័ន្ធព្រះអាទិត្យទៅរកតំបន់គ្មានគ្រោះថ្នាក់នោះទេ ប៉ុន្តែក៏អាចបំផ្លាស់ទីប្រព័ន្ធព្រះអាទិត្យ ឱ្យចេញក្រៅលម្ហហ្គាឡាក់ស៊ី មីលគី វេយ៍ (Milky Way Galaxy) បានផងដែរ។

ស្ដាប់ទៅ ដូចជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ដ្ររបស់ផលិតកម្មហូលីវូដអ៊ីចឹង មែនទេប្រិយមិត្ត? ពីព្រោះគំនិតរបស់លោកបណ្ឌិត Matthew Caplan រូបនេះហាក់ដូចជាហក់ទៅឆ្ងាយពេកហើយ បើធៀបនឹងបច្ចេកវិទ្យាបច្ចុប្បន្ន ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្រ្ដនៅតែមានជំនឿថា មនុស្សជំនាន់ក្រោយៗនឹងអាចធ្វើបាន៕

Advertisement