Samsung Galaxy S20 នឹងបំពាក់ RAM ខ្លាំង​ជាងកុំព្យូទ័រ laptop ទៅ​ទៀត

លក្ខណសម្បត្តិ​ស្ដង់ដា​នៃ​ RAM របស់​ស្មាត​ហ្វូនលំដាប់​ខ្ពស់​ដែល​ជិត​បង្ហាញខ្លួន​របស់ Samsung នឹង​ត្រូវ​​បំពាក់ RAM ​ទំហំ 12GB ហើយ​កំណែលំដាប់​ខ្ពស់​បំផុតនៃ​សែ​ស្រឡាយ​នេះមាន​ RAM 16GB។

បណ្ដា​ស្មាត​ហ្វូន​ស្រឡាយ Galaxy S10 ស្ទើរ​តែ​ទាំង​អស់ មាន RAM ត្រឹម​តែ 8GBប៉ុណ្ណោះ ចំណែក​កំណែលំដាប់​ខ្ពស់​បំផុត​នៃ Galaxy S10+ ក៏មាន​ RAM ត្រឹម​តែ​ 12GBដែរ។ ជាមួយ​នឹង​ស្មាត​ហ្វូន​ស្រឡាយ Galaxy S20 ក្រុម​ហ៊ុន Samsung នឹង​បំពាក់​ RAM 12GB ទាំង​អស់ លើក​លែង​តែ​ S20 Ultra មួយ​គត់ដែលនឹង​ក្លាយ​ជាទូរស័ព្ទ​ឆ្លាត​វៃ​ដំបូង​គេ​បង្អស់​ក្នុងពិភព​លោក​ដែលប្រើ​ RAM 16GB។

Galaxy S20 Ultra គឺ​ជាស្មាត​ហ្វូន​ដំបូង​គេក្នុង​លោក ​ដែល​មាន​ RAM 16 GB

ស្មាតហ្វូន​ស្រឡាយ​ Galaxy S20 ទាំង 3​ប្រភេទ​នេះ សុទ្ធ​តែ​ត្រូវ​បាន​បំពាក់​សេនស័រ (sensor) ISOCELL Bright HMX ទំហំ 108 megapixel ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ Samsung ផលិត​ផ្ទាល់​ដៃ។ ក្នុង​នោះ ម៉ូដែល​ដែល​គួរ​ឱ្យ​ចង់​ប្រើ​ប្រាស់​បំផុត​នោះគឺ Galaxy S20 Ultra ដោយ​សារវា​មាន​កាមេរ៉ា​​ទំហំ 48megapixel។ ស្មាត​ហ្វូន​ម៉ូដែល​នេះ អាច​ zoom បែបអប់ទិខល​ (optical zoom) 10x និង​ zoom បែប​ឌីជីថល (digital zoom) 100x ដែល​ខ្លាំង​ជាង​ច្រើន​ បើ​ធៀប​នឹង​ P30 Pro របស់​ Hauwei ដែលមាន optical zoom 5x និង digital zoom 30x។

ម៉ូដែល Galaxy S20 នឹងមាន​បំពាក់​ឈីប Snapdragon 865 ឬឈីប Exynos 9830 អាស្រ័យលើ​ទី​ផ្សារ​នីមួយ​ៗ។ ស្មាត​ហ្វូន Galaxy S20 Ultra មាន​ថ្ម​​ដែល​មាន​ថាមពល​ 5.000mAh និង​មាន​មុខ​ងារ​បញ្ចូល​ថាមពល​ល្បឿន​លឿនកម្រិត 45W និង​​ប្រើ​ពេល 74នាទី​ក្នុង​ការ​បញ្ជូល​ថាមពលឱ្យ​ពេញ​ម្ដងៗ។

បើ​តាម​គម្រោង ក្រុម​ហ៊ុន​ Samsung នឹង​ឧទ្ទេស​នាម Galaxy S20 នៅ​ក្នុង​ព្រឹត្តិការណ៍ Galaxy Unpacked ដែល​នឹង​ត្រូវ​​រៀប​ចំធ្វើ​ឡើង​នៅ​ថ្ងៃ​ទី11 កុម្ភៈ នៅ​ San Francisco សហ​រដ្ឋ​អាមេរិក៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement