មិនធម្មតាមែន! អ្នក​វិទ្យាសាស្រ្ត​បង្កើត​ខ្យល់​អុកស៊ីហ្ស៊ែន​ចេញពី​ដីលើភពព្រះចន្ទ បានសម្រេច!

អ្នកស្រី Beth Lomax អ្នកស្រាវជ្រាវមកពី​សាកលវិទ្យាល័យ Glasgow និង​ជាអ្នកស្រាវជ្រាវម្នាក់​លើគម្រោងនេះ បាន​ឱ្យដឹងថា ការ​ផលិតអុកស៊ីហ្ស៊ែន​ចេញពី​ធនធាន​ធម្មជាតិដែល​រកឃើញ​នៅលើពិភពព្រះចន្ទ គឺពិត​ជាមានប្រយោជន៍យ៉ាងធំធេង​សម្រាប់ការ​រស់នៅលើពិភពនោះ​នាពេលអនាគត ទាំងការដកដង្ហើម និង​ផលិតកម្ម​ឥន្ធនៈ គ្រាប់រ៉ុក្កែត។

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​បង្កើត​រោងចក្រ​គំរូ​មួយ​ក្នុងគោលបំណង​ផលិត​អុកស៊ីហ្ស៊ែន ចេញពី​ដី និង​ធូលីលើភពព្រះចន្ទ ដែល​មានសារៈសំខាន់បំផុត​សម្រាប់ការតាំងទីលំនៅ និងបេសកកម្មនានាលើភពនេះ នាថ្ងៃអនាគត។

រោងចក្រ​ផលិត​អុកស៊ីហ្ស៊ែននេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អវកាស និង​បច្ចេកវិទ្យាអឺរ៉ុប (ESTEC) ដែលមាន​ទីតាំងនៅក្នុងប្រទេសហូឡង់។

អ្នកស្រី​បន្តថា ធូលី ដី និងថ្ម និង​វត្ថុធាតុដទៃទៀត​ដែលរក​ឃើញ​នៅលើ​ភពព្រះចន្ទ គឺពិតជាមានផ្ទុក​អុកស៊ីហ្ស៊ែន 40-45%។ ទោះជាយ៉ាងនេះក្តី វាមិនទាន់អាចត្រូវបានប្រើប្រាស់ភ្លាមៗឡើយ ដោយ​ត្រូវឆ្លងកាត់បច្ចេកវិទ្យារំលាយមួយដែលហៅថា «molten salt electrolysis» ទើបអាចស្រង់​អុកស៊ីហ្ស៊ែន​មកប្រើបាន៕


Advertisement