ដើម្បី​ទប់​ស្កាត់​វីរុស​កូរ៉ូណា ក្រុម​ហ៊ុន​មួយ​បង្កើត​ប្រព័ន្ធសម្លាប់​មេរោគ​លើ​ដង​ខ្លួន​មនុស្ស ប្រើ​ពេល​ត្រឹម​តែ​20វិនាទី

ប្រទេស​ចិន​៖ ក្រុម​ហ៊ុន​មួយ​នៅ​ឯទី​ក្រុង​ Chongqing ភាគ​និរតី​ប្រទេស​ចិន បាន​បង្កើត​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បុគ្គលិក​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ឧស្សាហ​កម្ម​មួយ​ ដើម្បី​រួម​ចំណែក​ក្នុងការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ដ៏​គួរ​ឱ្យ​ខ្លាច​​កូរ៉ូណា​ COVID-19​ ដែល​កំពុង​រាត​ត្បាត​ពិភព​លោក​។

ប្រព័ន្ធ​សម្លាប់​មេរោគ​នេះ មាន​បំពាក់​ឧបករណ៍​ infrared detectors ដែល​មាន​មុខ​ងារ​ស្កេន​ចាប់សញ្ញា​អ៊ីនហ្វ្រារ៉េដស្វ័យ​ប្រវត្ត។ នៅ​ពេល​មាន​មនុស្ស​ម្នាក់​ដើរ​កាត់ ប្រព័ន្ធ​នេះក៏​ចាប់​ផ្ដើម​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​រយៈ​ពេល​20វិនាទី។ នេះ​បើ​តាម​​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ដក​ស្រង់​ព័ត៌មាន​ពី​កាសែត China News ដែល​ជា​កាសែត​រដ្ឋ​ធំ​បំផុត​លំដាប់​ទី​ពីរ​នៃ​ប្រទេ​សចិន​ បន្ទាប់​ពី​សារ​ព័ត៌មាន​ Xinhua។

បណ្ដា​ក្រុម​ហ៊ុន​នៅ​ប្រទេស​ចិន​ បាន​ និង​កំពុង​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ឡើង​វិញ​ជា​សន្សឹម​ៗ​ក្នុង​សប្ដាហ៍​នេះ ក្រោយ​ពី​បាន​ឈប់​សម្រាក​ជា​ច្រើន​សប្ដាហ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ដោយ​សារ​វិធានការ​ចំបាច់​ផ្សេង​ៗ​របស់​រដ្ឋា​ភិបាល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​​មេរោគ​នេះ​បាន​ផ្ទុះ​ឆ្លង​កាល​ពី​ខែធ្នូ​2019។

គិត​មក​ដល់​បច្ចុប្បន្ន នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា COVID-19 ចំនួន1,670​នាក់​ និង​អ្នក​ផ្ទុក​មេរោគ​នេះ ឡើង​ដល់ 69,267​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement