ក្រុមហ៊ុន Apple បិទហាងនៅចិនកាលពីថ្ងៃមុន ឥឡូវបើកវិញហើយ តែឱ្យបុគ្គលិកធ្វើការតែ 7ម៉ោង/ថ្ងៃ

បន្ទាប់ពីផ្អាកដំណើរការមួយរយៈកន្លងមក ដែលជាការឆ្លើយតបទៅនឹងការព្រួយបារម្ភពាក់ព័ន្ធនឹងការផ្ទុះវីរុសកូរ៉ូណា ពេលនេះហាងរបស់ក្រុមហ៊ុន Apple ចំនួន5 នៅទីក្រុងប៉េកាំង បានសម្រេចបើកធ្វើអាជីវកម្មឡើងវិញ តែកាត់បន្ថយម៉ោងធ្វើការ ពី 12ម៉ោងមកនៅត្រឹមតែ 7ម៉ោងប៉ុណ្ណោះក្នុង 1ថ្ងៃ។

ជាទូទៅ ម៉ោងបម្រើការ គឺចាប់បើកពីម៉ោង 10ព្រឹកដល់ម៉ោង 10យប់ តែឥឡូវមកចាប់ផ្តើមពីម៉ោង 11​ព្រឹក​ដល់ម៉ោង 6ល្ងាចវិញ។ ក្រុមហ៊ុន Apple បានសម្រេចបើកដំណើរការហាងលក់ Apple Store មួយចំនួនធំនៅឯប្រទេសចិនតាំងពីថ្ងៃទី14 កុម្ភៈ ឆ្នាំ2020 នេះវិញហើយ។

ក្រុមហ៊ុន Apple ក៏នៅតែទទូចឱ្យមានការចូលរួមសហការពីអតិថិជន ដោយបានអំពាវនាវឱ្យប្រើប្រាស់ម៉ាស់នៅពេលពួកគេមកកាន់ហាងលក់ និងយល់ព្រមឱ្យបុគ្គលិកធ្វើការវាស់សីតុណ្ហភាពរាងកាយ។ គិតត្រឹមល្ងាច​ថ្ងៃ​ទី18កុម្ភៈ ឆ្នាំ2020 ករណីអ្នកឆ្លងវីរុសកូរ៉ូណានៅ​ទូទាំង​ពិភពលោក បានកើនឡើងដល់ 73,335នាក់ និងតួលេខ​អ្នកស្លាប់បាន​កើនដល់ 1,873នាក់ហើយ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement