Facebook ចូលរួមជួយជាពិសេស ដោយការរឹតត្បិតការផ្សព្វផ្សាយដំណឹងមិនពិតអំពីវីរុសកូរ៉ូណា

ក្រុមហ៊ុន Facebook បានប្រកាសក្នុងវេបសាយរបស់ខ្លួនថា អ្នកជំនាញត្រួតពិនិត្យព័ត៌មានពិត ឬមិនពិត ដែលមានបណ្ដាញនៅទូទាំងពិភពលោករបស់ខ្លួន កំពុងបន្តកិច្ចការរបស់ពួកគេ ដោយនឹងត្រួតពិនិត្យ លើ មាតិកា និងការបង្ហោះព័ត៌មានមិនពិត ដែលបានចែកចាយលើបណ្ដាញសង្គមរបស់ខ្លួនទាក់ទងនឹងមេរោគវីរុសកូរ៉ូណា។

ក្រោយពីការប្រកាសអាសន្នទូទាំងពិភពលោកចំពោះមេរោគវីរុសកូរ៉ូណា ពីសំណាក់អង្គការ​សុខ​ភាព​ពិភព​លោក (WHO)​ បណ្ដាញសង្គម Facebook ក៏បានចាប់ផ្ដើមចូលរួមជួយជាពិសេស ដោយនឹងធ្វើការរឹតត្បិតចំពោះការផ្សព្វផ្សាយព័ត៌មាន និងដំណឹងមិនពិតអំពីមេរោគកំណាចនេះ និងភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ដំណឹងមានប្រយោជន៍វិញ។

នៅពេលដែលអ្នកលជំនាញកំណត់បានមាតិកាណាមួយថា ក្លែងក្លាយ Facebook នឹងធ្វើការរឹតត្បិតលើ មាតិកានោះមិនឱ្យ Reach ច្រើននៅលើ Facebook និង Instagram ហើយបង្ហាញព័ត៌មានពិតជំនួសវិញ។

Facebook ក៏នឹងផ្ដល់ Notification ដល់អ្នកដែលបាន Share មាតិកាក្លែងក្លាយ ឬអ្នកដែលចង់ Share ដោយប្រាប់ថា មាតិកានោះបានឆ្លងកាត់ការត្រួតពិនិត្យរបស់អ្នកជំនាញហើយ និងត្រូវបានពួកគេកំណត់ថា ជាមាតិកាក្លែងក្លាយ។

Facebook ក៏នឹងចាប់ផ្ដើមលុបចេញនូវមាតិកាក្លែងក្លាយ (Fake Content) ដែលត្រូវបានពិនិត្យដោយអង្គភាពសុខភាពពិភពលោក និងមន្ត្រីសុខភាពក្នុងស្រុក ដែលវាអាចប៉ះពាល់ដល់អ្នកប្រើ Facebook ដែល​ជឿ​លើ​មាតិកាទាំងនោះ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement