5G ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើម លើវិស័យឌីជីថលនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា នៅទូទាំងពិភពលោកមានប្រតិបត្តិករទូរ គមនាគមន៍ 5G មកពី 31ប្រទេស ដែលបានដាក់ពង្រាយឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ប្រកបដោយជោគជ័យ ហើយបច្ចេកវិទ្យា5G នេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជា ក៏ដូចជានៅក្នុងបដិវត្ដន៍ឧស្សាហកម្ម4.0 ដែរ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖«ចក្ខុវិស័យរបស់ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ2020 នឹងជំរុញអាស៊ានឆ្ពោះទៅកាន់ការប្រកាន់ យកសេដ្ឋកិច្ចឌីជីថល ដែលមានសុវត្ថិភាពខ្ពស់ ចីរភាព និងមានភាពរីកលូតលាស់ ហើយនឹងធ្វើឱ្យ សហគមន៍អាស៊ាន ក្លាយជាសហគមន៍មួយមាននវានុវត្តន៍ភាពពេញលេញ និងរួមបញ្ចូលគ្នាតែមួយ»។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះកាលពីថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2020 ក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីដំណើរការសាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ ទី5 (5G) របស់ក្រុមហ៊ុន Yes Seatel (Yes 018)។

ឯកឧត្តមបន្តថា៖«ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះ ក្រសួងកំពុងដំណើរការទៅមុខយ៉ាងល្អក្នុងការចេញអាជ្ញាប័ណ្ណវិសាលគមន៍5G ដល់ប្រតិបត្តិករ ហើយក្រសួងនឹងបន្តផ្តល់ការគាំទ្រដល់ ប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ដើម្បីឱ្យបណ្តាខេត្ត-ក្រុងទាំងអស់បានទទួលប្រព័ន្ធសេវា5G យ៉ាងឆាប់រហ័សផងដែរ»។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ត្រាំ អ៊ីវតឹក បានសម្តែងនូវអំណរសាទរចំពោះក្រុមហ៊ុន Yes Seatel ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីសាកល្បងបច្ចេកវិទ្យា5G នេះបានដោយជោគជ័យ។ ឯកឧត្ដមក៏បានកោតសរសើរចំពោះការវិនិយោគជាបន្តបន្ទាប់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា ដែលបានជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវបទពិសោធ និងអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទំនើបៗចុងក្រោយផងដែរ។

លោក យ៉ាវ យៀកជីន អគ្គនាយកក្រុមហ៊ុន Yes 018 បានឱ្យដឹងដែរថា ការពង្រីកបច្ចេកវិទ្យា5G មុនគេនេះ គឺដើម្បីជាផ្នែកមួយចូលរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយលោកបានកត់សម្គាល់ថា នឹងមានចំនួនការតភ្ជាប់ការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត តាមរយៈឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទកាន់តែច្រើន ដែលនឹងផ្តល់នូវភាពងាយស្រួល និងភាពទំនើបទាន់សម័យដល់ការរស់នៅបែបសម័យថ្មី។

លោកបានបញ្ជាក់ថា នៅពេលដែលប្រព័ន្ធសេវា Yes 5G ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វានឹងជាការបើកឱកាសថ្មីសម្រាប់ការកែលម្អវិស័យអប់រំ កសិកម្ម និងឧស្សាហកម្ម ដែលជាសសរគ្រឹះសំខាន់ទាំង3 សម្រាប់ប្រទេសកម្ពុជា។

ប្រព័ន្ធសេវា5G ផ្តល់នូវភាពងាយស្រួល និងផ្តល់ល្បឿនលឿនជាងប្រព័ន្ធសេវា4G ដល់ទៅ10ដង និងមានប្រព័ន្ធតភ្ជាប់សេវាអ៊ីនធើណិតជាទីទុកចិត្តជាមួយទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ជាមួយនឹងល្បឿនលឿនក្នុងការទាញយកទិន្នន័យជាមធ្យម 1GB។

តាម GSMA: The GSM Association (Global System for Mobile Communications, originally Groupe Spécial Mobile) បច្ចេកវិទ្យា5G នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប 4.8% សម្រាប់ប្រទេស។ បច្ចេកវិទ្យានេះនឹងផ្លាស់ប្តូរពិភពលោក តាមរយៈបច្ចេកវិទ្យា AI Robotics, Dronas, IoT, និងបច្ចេកវិទ្យា Smart Cities។ Yes 018 មានបណ្តាញ4G 100% ដែលបានគ្រប់ដណ្តប់ចំនួនប្រជាជនជាង 90% នៅក្នុងប្រទេសកម្ពុជា។ ស្ថានីយ៍4G ទាំងអស់ត្រូវបានបំពាក់បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមដីជាង 12,000គីឡូម៉ែត្រ នៅទូទាំងប្រទេស៕

Advertisement