ស្មាតហ្វូន​ថ្មី​ តម្លៃ​ទាប​បំផុត​របស់​ Apple នឹង​មាន​ឈ្មោះ​ថា “iPhone”

​ទូរស័ព្ទ​ឆ្លាតវៃ​​ តម្លៃ “​ទាបបំផុត” របស់ក្រុម​ហ៊ុន​ Apple ដែល​ជិត​បង្ហាញខ្លួន​ក្នុង​ទី​ផ្សារពិភពលោក​នា​ពេល​ខាង​មុខ​នេះ​ មិន​មែន​មាន​ឈ្មោះថា iPhone 9 ឬ​ iPhone SE2 ដូច​ព័ត៌មាន​ចចាម​អារ៉ាម​កន្លង​មក​នោះ​ទេ​ ប៉ុន្តែ វា​នឹង​មាន​ឈ្មោះ​ដ៏​សាមញ្ញ​បំផុត ​ងាយ​ហៅ​បំផុត​ និងប្រកប​ដោយ​ភាព​ស្និទ្ធ​ស្នាលបំផុត នោះ​គឺឈ្មោះ “iPhone”។

Jon Prosser មក​ពី​ឆានែល YouTube ឈ្មោះ​ Front Page Tech ​ធ្លាប់​ជា​អ្នកបញ្ចេញ​ព័ត៌មាន​ត្រឹម​ត្រូវ​ និង​មិន​ដែល​ខុស​ ទាក់​ទិន​នឹង​​​ស្មាតហ្វូន​ដែល​ជិត​​បង្ហាញ​ខ្លួន បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Apple កំពុង​រៀប​គម្រោង​បង្ហាញ​ និង​ដាក់​លក់​ស្មាតហ្វូន​ថ្មី​ តម្លៃ​ទាំប​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា “iPhone”។ ប្រការ​នេះ​ គឺ​​ដូចទៅ​នឹងអ្វី​ដែល​​ Apple ធ្លាប់​​​បាន​​ធ្វើ​ទៅ​លើ​ iPad ដូច្នោះដែរ​ ដោយក្រុម​ហ៊ុន​នេះ​ ​ធ្លាប់​បាន​ដាក់​ឈ្មោះ​ឱ្យ​ថេប្លេត​នេះ​ថា “iPad”។

ចំណែក​សារ​ព័ត៌មាន​ Phonearena វិញ យល់​ថា ការ​ដែល​ Apple ដាក់​ឈ្មោះ​សាមញ្ញ​ទៅ​ឱ្យ​ iPhone ជំនាន់​ថ្មី​បែប​នេះ​ គឺ​ពិត​ជា​មាន​បង្កប់​គំនិត​អ្វី​មួយ​។ យុទ្ធ​សាស្ត្រ​នេះ នឹង​ជួយលើក​តម្លៃ​​អតិថិជន​ ដោយ​ពួក​គេ​នឹង​មិន​គិត​ថា ស្មាត​ហ្វូន​ iPhone ថ្មី​ដែល​មាន​តម្លៃ​ទាប​ដែល​ខ្លួន​កំពុង​កាន់​ប្រើ​ គឺ​វា​ “អន់” ឬ​ចាស់​ជាង ​បើធៀប​នឹង​ iPhone XR ឬ iPhone 11 ហើយ​វា​ក៏​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ប្រភេទ​ “iPhone គ្មាន​លេខ” នា​ពេល​អនាគត ព្រម​ទាំង​មាន​ភាព​​ងាយ​ស្រួលក្នុង​ការ​​លក់​នៅ​ក្នុង​ទី​ផ្សារ​នៃ​ប្រទេស​ដែលកំពុង​អភិវឌ្ឍ។

ព័ត៌មាន​ចចាមអារ៉ាម​ថ្មី​ៗ​នេះបាន​ឱ្យ​ដឹងថា​ iPhone ថ្មីនោះ​ នឹង​មាន​តម្លៃត្រឹម​តែ​399ដុល្លារប៉ុណ្ណោះ សម្រាប់​​កំណែ​ដែល​មាន​អង្គចង​ចាំ​64GB និង​450ដុល្លារ​អាមេរិកសម្រាប់​កំណែដែល​មាន​អង្គ​ចង​ចាំ​​128GB។ ស្មាត​ហ្វូន​នេះ​នឹងមាន​​រូប​រាង​ដូច​ iPhone 8 និង​មាន​អេក្រង់ LCD 4,7 inch ជាមួយ​នឹង​ប៊ូតុង​ Home ដែល​មាន​បំពាក់​មុខ​ងារ​ស្កេន​ក្រយៅ​ដៃ Tuoch ID និង​ប្រើ​ប្រាស់​ឈីប Apple A13 ជាមួយ​នឹង​ RAM 3GB និង​ដំណើរ​ការ​ដោយប្រព័ន្ធ​ប្រតិ​បត្តិ​ iOS 13។

ទាក់​ទិន​នឹង​ថ្ងៃ​បង្ហាញ​ខ្លួន​របស់​ស្មាតហ្វូន​ខាង​នេះ មាន​ព័ត៌មាន​ខ្លះ​និយាយ​ថា វា​នឹង​មាន​មុខ​នៅ​ក្នុង​ទី​ផ្សារ​នា​ចុង​ខែ​មិនា​ខាង​មុខ​។ ប៉ុន្តែ ថ្មី​ៗ​នេះ សារ​ព័ត៌មាន Nikkei Asian Review ជឿ​ថា ពេល​វេលា​បង្ហាញ​ខ្លួន​របស់​វា​​អាចនឹង​យឺត​ជាង​នេះ ពោល​គឺ​នៅ​ដើម​ខែ​មេសា ឆ្នាំ​2020 ដោយ​សារ​តែរង​​ផល​ប៉ះពាល់​ពី​អាសន្នរោគ​កូរ៉ូណា​ COVID-19 ដែល​កំពុង​រាត​ត្បាត​ពិភព​លោក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement