ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងកុន​ទូទាំងប្រទេស​កម្ពុជា

ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ (First They Killed My Father)» ជា​ភាសា​ខ្មែរ​ដែល​បាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន Netflix ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2017 ក្រោម​ការ​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន Westec Media Limited ហើយនឹង​ចាក់​បញ្ចាំង​នៅ​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន Netflix ត្រឹម​ថ្ងៃទី 15 ខែកញ្ញា​ខាងមុខនេះ ។

ក្រោម​ការដឹកនាំ​ដោយ លោកស្រី Angelina Jolie ខ្សែភាពយន្ត​រឿង «មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» គឺជា​ខ្សែភាពយន្ត​ប្រែ​សម្រួល​ចេញពី​ការចងចាំ​ដ៏​ឈឺចាប់​របស់​អ្នកស្រី អ៊ឹង លួង ដែលជា​អ្នកនិពន្ធ​សៀវភៅ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដែល​បាន​រួចផុតជីវិត​ពីរ​បប​ខ្មែរក្រហម​ដ៏​សាហាវយង់ឃ្នង​ក្នុងអំឡុង​ពី​ឆ្នាំ 1975 ដល់​ឆ្នាំ1979 ។

នៅក្នុង​សាច់រឿង​ត្រូវបាន​រៀបរាប់​តាម​ការមើលឃើញ​របស់​អ្នកស្រី​តាំងពី អាយុ5ឆ្នាំ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច រហូតដល់​គាត់​អាយុ9ឆ្នាំ។ ខ្សែភាពយន្ត​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​យ៉ាង​មោះមុត និង​ការតស៊ូ​យ៉ាង​ប្តូរផ្តាច់​របស់​គ្រួសារ​អ្នកស្រី ដើម្បី​បានរស់នៅ​ជាមួយគ្នា​យ៉ាង​វេទនា​អំឡុង​សម័យ​ខ្មែរក្រហម។ ជាមួយគ្នានេះ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ក៏​ធ្វើឡើង​ដើម្បី​ជាការ​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​ដែល​បាន​រួច​ផុតពី​ការស្លាប់​ក្រោម​របប​ខ្មែរក្រហម​ផងដែរ។ វា​បាន​ផ្តោត​សំខាន់​លើ​សេចក្ដីស្រឡាញ់ និង​ការលះបង់​របស់​ក្រុមគ្រួសារ​ខ្មែរ និង​ឆ្លុះបញ្ចាំង​ពី​ភាពស្រស់ស្អាត ដួងវិញ្ញាណ និង​ស្មារតី​រឹងមាំ​របស់​ប្រជាជន​ខ្មែរ និង​វប្បធម៌​ខ្មែរ។

ខ្សែភាពយន្ត​រឿង «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» ធ្លាប់បាន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី 18 ខែ​កម្ភៈ កន្លងទៅ នៅ​លានជល់ដំរី​នៃ​បរិវេណ​ប្រាសាទអង្គរវត្ត​នៅក្នុង​ខេត្តសៀមរាប ក្រោម​វត្តមាន​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ  ហើយនឹង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី និង​ឥស្សរជនសំខាន់ៗ ដោយ​ផ្តល់​អាទិភាព​ដល់​អ្នក​រស់រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម ក៏ដូចជា​អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ និង​អង្គ​ការអប់រំ​ប្រវត្តិសាស្ត្រ​នៅក្នុង​តំបន់​ផងដែរ ។ ខ្សែភាពយន្ត​នេះ​ត្រូវបាន​ថត​ក្នុងប្រទេស​កម្ពុជា​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2015 រហូតដល់​ខែកុម្ភៈ ឆ្នាំ 2016 ដែល​និយាយ​ជា​ភាសា​ខ្មែរ​ទាំងស្រុង ហើយ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំជាងគេ​ដែល​មិន​ធ្លាប់បាន​ផលិតឡើង​ក្នុង​ប្រទេសមួយ​នេះ។  អ្នកបច្ចេកទេស សិប្បករ និង​អ្នកជំនាញ​ផ្នែក​សិល្បៈ​ជនជាតិខ្មែរ បាន​ចូលរួម​យ៉ាងច្រើន​បំផុត​ក្នុង​ក្រុមការងារ​ថត​ខ្សែភាពយន្ត​នេះ រួមជាមួយ​តួអង្គ​សម្តែងផ្សេងៗទៀត​សរុប​ប្រមាណ​ជាង 3500 នាក់។

ជាមួយគ្នានេះ កុមារី ស្រី​ម៉ុ​ច សារឿ​ម ដែល​បាន​ដើរ​ជា​តួអង្គ​សំខាន់​របស់​អ្នកស្រី អ៊ឹង លួង ដែលមាន​អាយុ​ពី 5-9 ឆ្នាំ ហើយនឹង​លាតត្រដាង​ពី​ទិដ្ឋភាព​នៃ​រឿងនេះ ស្ថិតនៅក្នុង​សាលារៀន​អង្គការ​មនុស្សធម៌​មួយ​ក្នុង​តំបន់។ តួអង្គ​ឪពុកម្តាយ​របស់​អ្នកស្រី អ៊ឹង លួង  ត្រូវបាន​សម្តែង​ដោយ​លោក ភឿង កុម្ភៈ និង​អ្នកនាង ស្វែង សុជាតា។ បងប្អូន​របស់​អ្នកស្រី អ៊ឹង លួង ត្រូវបាន​សម្តែង​ដោយ​នី​តា  និង​នី​កា​សារុន (ហៅ​ហ្គិ​ច), រុន ចិន្តា (ហៅ​ជូ) , មុន គឹម​ហាក់ (ហៅ គឹម) , អូន ស្រី​នាង (ហៅ គាវ) , ឃួន សុធា (ហៅ​គួ​យ) និង ហេង តារា (ហៅ​ម៉េង) ។

គួរបញ្ជាក់​ផងដែរ​ថា ខ្សែភាពយន្ត​រឿង «មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ» គឺជា​ខ្សែភាពយន្ត​ដើម​របស់​ក្រុមហ៊ុន Netflix Inc ដែល​ផលិត​ដោយ​អ្នកស្រី អែន​ជឺ​លី​ណា ជោ​លី, លោក ប៉ាន់​រិទ្ធី ជា​អ្នកដឹកនាំ​រឿង និង​ជា​ផលិតករ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ ដែល​ធ្លាប់បាន​ដឹកនាំ​រឿង «ការបាត់បង់​រូបភាព» ជា​ភាសា​អង់គ្លេស​ហៅថា «the missing picture» បាន​ជាប់​ឈ្មោះ​ជា​បេក្ខជន​ក្នុងការ​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​អូ​ស្កា និង​លោក Michael Vieira ផលិតករ​ខ្សែភាពយន្ត​ល្បីល្បាញ​នៃ​រឿង (By the Sea) ។ លោក Xavier Box (រឿង​Umrika) និង​អ្នកស្រី Patricia Rommel (រឿង The Lives of Others)  គឺជា​អ្នក​កាត់​តនៃ​ខ្សែភាពយន្ត​នេះ។

លោកអ្នក​អាច​កក់​សំបុត្រ​ដោយផ្ទាល់ ឬ​តាមរយៈ​អន​ឡាញ តាម​ម៉ោង​បញ្ចាំងភាពយន្ត​នេះ ដែល​អ្នក​អាច​ជ្រើសរើស​នៅលើ​គេហទំព័រ​ដូចខាងក្រោម ៖

https://cinema.org.kh
https://legend.com.kh
https://www.majorcineplex.com.kh/cinema/
https://primecineplex.com
https://barayandetcinema.com/

Advertisement