ស្វែង សុជាតា ត្រូវស្វាមីក្មេងប្រើហិង្សាយ៉ាងដំណំ រួចរត់គេងខ្លួនបាត់

ភ្នំពេញៈ តារា​សម្តែង​ស្រី​សម្បូរទេព​កោសល្យ​​ខាងតួ​ដើរ​កាច​ឆ្នាស់ ​តួជា​ម្តាយ​ដ៏​សក្តិ​សម​បំផុត​ ដែល​​ទើប​​​​តែ​ទទួល​បាន​ពន្លឺ​សុភមង្គល​នៃ​ក្តី​ស្នេហ៍ដ៏​ផ្អែម​ល្ហែម​ជាមួយ​នឹង​​ស្វា​មីក្រោយ​​វ័យ​ក្មេង​ជា​គ្រូ​ផ្សំ​​ថ្នាំ​​ឱសថ​​បុរាណ​​​ឈ្មោះ ថោង សុខុម វ័យ ​២៥​ ឆ្នាំ មិន​ទាន់​បាន​ប៉ុន្មាន​ផង ឥឡូវ​ក៏​ប្រេះឆា និង​​បាន​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​​​​អ្នកនាង ស្វែ​ង សុជា​តា​ យ៉ាង​ដំណំ រួច​​រត់​ចោល​បាត់​ទៀតជាមួយ​នឹង​ម៉ូតូ​ម៉ាក​ ST7 មាន​ស្លាក​លេខ​ភ្នំពេញ​១៣១៤។​

អ្នក​ស្វែង សុជាតា ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង​របស់​ខ្លួន ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ប្ដី​ក្មេង​​បាន​វាយ​នាងឡើង ខៀវ​​ភ្នែក បែក​ថ្គាម បង្កឲ្យ​បាន​​ការ​​ភ្ញាក់​​​ឲ្យ​មាន​ការ​ផ្អើលទៅ​​អ្នកតា​ខ្មៅ​​មក​ជួយ​ទាន់​ពេល កុំ​អី​កាន់តែ​ធ្ង ន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។​

បើ​​តាម​​សម្តី​រៀបរាប់​ប្រាប់​ទាំង​​ទឹក​ភ្នែក​​នោះ អ្នក​​នាង​ ស្វែង សុជាតា ថ្លែង​ថា ៖« នេះ​មិនមែន​ជា​លើក​​ទី ​១​ ទេ ​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង ហើយ​ក៏​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ដែរ​ ដោយ​ចង់​ទុក​ឱកាស​​ឲ្យ​ប្តី​កែ​ខ្លួនគឺ​គ្រាន់​តែ​​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ប្រើ​ហិង្សា​ប៉ុណ្ណោះ»។ តែ​​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​មក​ថ្មីៗ​នេះ តារា​​សម្តែង​ស្រី​ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង ស្វែង សុជាតា ក៏​ទទួល​​រង​នូវ​​អំពើ​ហិង្សា​បន្ត​ទៀត គឺ​ស្វាមី​បាន​ចាក់​សោ​ផ្ទះ​ដែល​អ្នក​នាង​សន្សំ​លុយ​បង់​រំ​លោះ​នៅ​បុរី​ប៉េង ​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា រហូត​ដល់ ​៧​ ជាន់ មុន​​នឹង​បង្កជម្លោះ​ជាមួយ​អ្នក​នាង។

តារា​សម្តែង​ស្រី​សម្បូរទេព​កោសល្យ​​ខាងតួ​ដើរ​កាច​ឆ្នាស់ ស្រគត់​ស្រគំ តួ​ជា​ម្តាយ​ដ៏​ប៉ិន​ប្រសប់ និងជា​ម្ចាស់​ពានរង្វាន់​អាណាចក្រ​​តារា​ពីរ​ឆ្នាំជាប់​គ្នា​ អ្នក​នាង ស្វែង សុជាតា​ ​ជួប​លាភធំ​នៅ​ឆ្នាំ ២០១៥ នេះ ដោយ​បាន​ក្លាយ​ជា​តួ​អង្គ​ស្រី​សម្តែង​ជា​ម្តាយ​នៃ​គ្រួសារ​មួយ​ក្នុង​ខ្សែ​ ភាព​យន្ដ​ឆ្លុះ​បញ្ចាំង​​ពី​សម័យ​ខ្មែរ​ក្រហម​រឿង «ដំបូង​ពួកគេ​សម្លាប់ឪពុក​របស់​ខ្ញុំ»​ ដែល​ដឹក​នាំ​សម្តែង​តារា​ហូលីវូដ​​ល្បី​​អ្នកស្រី អេនជេលីណា ជោលី។

ទោះ​យ៉ាង​នេះ​ អ្នក​នាង​ស្វែង សុជាតា ​តែ​អាណិតកូន​តូច និង​ប្រកាន់​ទស្សនៈ​មិន​ចង់​ខូច​ឈ្មោះ​​ជា​​ស្រី​​ប្តី​​បី​បួន ទើប​នៅ​ជាមួយ​ចំណង​បញ្ហា​ដែល​នាង​ពិបាក​រើ​បំរាស់​បាន​។ យ៉ាងណា​ក៏​ដោយ សូម​​អំពាវនាវ​ដល់​សមត្ថកិច្ច​​​ជួយ​ការពារ​សុវត្ថិភាព​ តារាភាពយន្ត​ល្បី​ឈ្មោះ​​ប្រចាំ​​ស្រុក​ខ្មែរ​ផង ព្រមទាំង​អង្គការ​នានា​ផង​ដែរ គួរតែ​មាន​វិធានការ​បែប​ណា​កោះហៅ ស្វាមី​វ័យ​ក្មេង​នោះ​ម​ក​អប់រំ​ដោយ​លក្ខខណ្ឌ​ផ្សេង​ៗ​ឲ្យ​តឹង​រង​ផង ដើម្បី​កុំ​ឲ្យ​​ពូកែ​ធ្វើបាប​​មនុស្ស​ស្រី ជា​ពិសេស​ប្រពន្ធ​របស់​ខ្លួន​តែ​​ម្តង​៕

Advertisement