ផលិតកម្មថោនប្រាប់មូលហេតុ មាស សុខសោភា មានបទចម្រៀងតិចចូលឆ្នាំថ្មីនេះ!

ភ្នំពេញៈ ខណៈ​​​ជិត​ដល់​ពេល​ប្រារព្ធ​ពិធី​បុណ្យ​​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​រៀង​រាល់​ឆ្នាំ ក្រុម​តារា​​ចម្រៀង​​​ទាំង​ប្រុសទាំង​ស្រី​លំដាប់​កំពូល​ប្រចាំ​ផលិត​​កម្ម​ល្បី​ៗ​តែង​សម្បូរ​បទ​ចម្រៀង​ថ្មី​ៗ​​ ដើម្បីបង្ហើរ​សំនៀង​​បំពេ​អារម្មណ៍​​ប្រិយ​​​មិត្ត​​អ្នក​ស្តាប់​របស់​ខ្លួនណាស់​​ តែ​​​ចម្លែក​អ្វី​នៅ​ឆ្នាំ​២០១៧​នេះ តារា​ចម្រៀង​ស្រី​សំឡេងស្រទន់​ ឈរ​​​លំដាប់​កំពូល​​នៃ​ទ្រនំ​​ផលិត​កម្ម​ថោនកញ្ញា មាស សុខ​សោភា​ បែរជា​មាន​ចេញ​បទ​ចម្រៀង​តិច​ខុស​ប្លែក​ពី​ពេល​ឆ្នាំមុនៗ បង្ក​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់យ៉ាង​​ខ្លាំង​ពី​គាំទ្រ។​

កាន់​តែ​មាន​ការ​សង្ស័យ​បន្ថែម​ទៀត​នោះ គឺ​នា​ពេល​ថ្មី​ៗ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ ខណៈ​វត្តមាន​របស់​តារា​ស្រី​​រូប​នេះ​​​បាន​ចូល​​​រួម​​ក្នុង​កម្ម​វិធី​ប្រគំ​តន្រ្តីមួយ​​​​របស់​ស្ថានីយ៍​ទូរ​ទស្សន៍​ក្នុង​ស្រុក​​​ ក៏​ធ្លាប់​បាន​ព្រលយ​ចេញ​ថា នាង​ពិត​ជា​មាន​​បទ​ចម្រៀង​បំពេ​អារម្មណ៍​អ្នកគាំទ្រ​តិច​​មែន​សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ។​ ដំណឹង​នេះក៏​​រឹត​តែ​ធ្វើ​មហា​​ជន​​អន្ទះសារ​ចង់​ដឹង​ពី​មូល​ហេតុ និង​​មាន​មន្ទិល​ថា កញ្ញា មាស សុខសោភា និង​ផលិត​កម្ម​អ្វី​​រកាំ​រកូស​នឹង​គ្នា​​មែនឬ​​​?​

លោក ករុណា ពេជ្រ អ្នក​ចាត់​ការ​ថ្មី​នៅ​ផលិត​កម្ម​ថោន ថ្លែង​ប្រាប់​ពី​មូល​ហេតុ​ ដែលនាំ​ឲ្យ​​តារា​ចម្រៀង​ស្រី​​សំឡេង​​រៃ​កន្តឹង និង​និយម​​ច្រៀង​តែ​ប្រភេទ​បទអូរីជីណល់ ឬ​បទ​មិន​ចម្លង​គេ​នោះ​ថា៖ « តាម​ពិត​ទៅ​ កញ្ញា មាស សុខ​សោភា មិន​មែន​ផលិត​កម្ម​ មាន​បទចម្រៀង​​តិច​សម្រាប់​គាត់​នោះ​ទេ ​ក្នុង​ការ​ចេញ​បទ​ចម្រៀង​​នៅ​​រដូវ​​កាល​ចូល​ឆ្នាំ​ថ្មី​នេះ។ បើ​និយាយ​ទៅ​គឺ​មាន​ជិត​ ១០​ បទ​ដែរ តែ​ពេល​ចេញ​មុន​ចូល​ឆ្នាំ​គឺ​មាន​​តែ​បីបួន​បទ​ ខណៈ​ប៉ុន្មាន​បទ​ទៀត​ផលិត​កម្ម​ក៏​បាន​ចេញ​បន្ត​បន្ទាប់​រួច​ហើយ​ដែរ»។​

តារា​​ចម្រៀង​ដែល​ជា​អ្នក​ចាត់​ការ​ នៅ​ផលិត​កម្ម​ថោន​រូប​នេះ​បន្ត​ថា៖ «ផលិត​កម្ម​តែ​ផ្តល់​អាទិភាព​ជូនទៅ​​គាត់ [មាស សុខ​សោភា​] ជា​និច្ច​ព្រោះ​គាត់​ជា​តារា​ចម្រៀង​របស់​ផលិត​កម្ម​តាំង​ពី​ដំបូង​។ សម្រាប់​ឆ្នាំ​នេះ ផលិត​កម្ម​ក៏​បាន​ផ្តល់​ជម្រើស​បទ​ចំនួន​ប្រហែល​ជា​ ១០ បទ​ដែរ​ដើម្បី​ឲ្យ​គាត់​ជ្រើស​។ តែ​គាត់​ក៏​ប្រាប់​ដែរ​ថា ចង់​ច្រៀង​តែ​បទ​ណា​​មា​ន​គុណ​ភាព​​ប៉ុណ្ណោះ ខណៈ​យើង​ក៏​សម្រេច​ជូន​គាត់​ប៉ុន្មាន​ពីរ​បី​បទដែល​បាន​​ចេញ​​​នោះ​​ឯង​។​​ ​ម្យ៉ាង​ទៀត បទចម្រៀង​​ប៉ុន្មាន​បទ​​ក្រោយ​ ដែល​ចេញ​ក្រោយ​ចូល​ឆ្នាំ​នោះ គឺ​​មាន​មូល​ហេតុ​ ដោយសារ​មាន​អ្ន​ក​ដឹកនាំ​សម្តែង​​ម្នាក់​គាត់​បាន​អះអាង​ថា នឹង​ខំ​ធ្វើ​ឲ្យ​បទ​នោះ​មាន​ស្ពុ​ន​ស័រ​ ហើយ​ក្រុម​ហ៊ុន​ក៏​ទុក​ពេល​ឲ្យ​គាត់​ដល់​ពាក់​កណ្តាល​ខែ​មីនា តែ​លុះ​ដល់​ចុង​ខែ​មីនា​ឯណោះ​ទើប​តប​ថា មិន​មាន​ស្ពុន​ស័រ​។ ដូច្នេះ​យើង​មិន​អាច​​ធ្វើ​ឲ្យ​បទ​ក្រោយ​របស់ មាស សុខ​សោភា​ ចេញ​ទាន់​នឹង​បទ​មុន​របស់​នាង​នោះ​ឡើយ»៕​

Advertisement