អីយ៉ា ឌឺដងដាក់គ្នាតើ?!៖ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ ប៉ះ ”បីឆ្កែចូលរាំ”  របស់ពេជ្រ សោភា

0

ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបទ​ចម្រៀងថ្មី​របស់តារាចម្រៀងប្រុសនៅក្នុងផលិតកម្ម BN លោកចេន រូហ្វើ ​គឺបទ ”រាំជាន់អាចម៍ឆ្កែ” ត្រូវបានមហាជនសង្កេតឃើញថា ជាការច្រៀងបែប​ឌឺដង​រកមុខ​អ្នកបីឆ្កែ​ចូលរាំ​វិញ។  ក្រោយពី​ធ្វើឱ្យ​កក្រើក​តាមរយៈបទចម្រៀង​ញាក់បែកស្លុយ​ពីរឆ្នាំ​ជាប់ៗគ្នា​រួចមក ពេជ្រ សោភាទើបនឹង​បញ្ចេញ​ចម្រៀង​ថ្មីមួយបទ គឺបទ ”បីឆ្កែចូលរាំ” ដែល​ទទួល​បានការគាំទ្រ​ជាច្រើន​ពីទស្សនិក​ជន​ពិសេស​ក្រុម​យុវវ័យ ដោយមាន​អ្នកចូល​ទស្សនា​រាប់សែនដង។

តែ ចំណែកឯអតីតបេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី1 លោកចេន រូហ្វើ វិញបានបញ្ជាក់ពីការនិពន្ធបទចម្រៀង “រាំជាន់អាចម៍ឆ្កែ” របស់ខ្លួនថា  លោកមិន​មាន​បំណង​ច្រៀង​ឌឺដងគ្នា​ជាមួយ​តារា​ចម្រៀងរៀមច្បង ​ពេជ្រ សោភា ទេ។ លោក​ថា បទចម្រៀងនេះ​និពន្ធ​យូរមក​ហើយ ហើយលោក​ក៏មាន​ការភ្ញាក់​ផ្អើលដែរ​ដែលបទ​ចម្រៀងនេះ​បែរជាធ្វើ​ឱ្យអ្នកគាំទ្រយល់​ច្រឡំថា​ ជាបទច្រៀង​ឌឺគ្នា​ទៅវិញនោះ។ លោកថា បទចម្រៀង​ថ្មីរបស់​លោកទទួល​បានការគាំទ្រ​គួរសម តែមិនមែន​ដោយសារតែ​ការច្រៀង​ឌឺដងគ្នា​នោះទេ។ លោករំពឹងថា​បទចម្រៀង​ថ្មី​របស់លោក​នឹងទទួល​បានការគាំទ្រ​ច្រើនពី​ទស្សនិកជន។

គួរបញ្ជាក់ផងដែរថា បទ ”បីឆ្កែចូលរាំ” របស់ពេជ្រ សោភា ប៉ះបទ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ​ សុទ្ធសឹងជាបទចម្រៀងស្នាដៃនិពន្ធថ្មី ដែលមានចង្វាក់រាំបែបស្ទីលយុវវ័យ អាចនិយាយបានថា សុទ្ធតែស្ថិតនៅក្នុងកំពូលបទចម្រៀងដែលទាក់ទាញចិត្តយុវវ័យនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះទាំងអស់៕

ចែករំលែក