ទូច ស្រីល័ក្ខ បង្ហោះសារក្ដុកក្ដួល និងខកចិត្តចំពោះទង្វើបងប្អូនមួយចំនួន ក្នុងករណីលោកបណ្ឌិត ស៊ុយ សារ៉េត

0

នៅថ្ងៃម្សិលមិញនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីបុរសម្នាក់ដែលត្រូវបានគេរកឃើញអត្តសញ្ញាណថាជាលោកបណ្ឌិត ស៊ុយ សារ៉េត ក្រោយពេលបើករថយន្តបុករះយានយន្តជាច្រើនគ្រឿងនៅម្តុំវត្តទួល ខណ្ឌឫស្សីកែវ រួចហើយបើករត់រហូតដល់ក្រោយពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមជាច្រើនគ្រឿង ហើយធ្វើការវាយប្រហារទៅលើរូបលោកយ៉ាងឃោរឃៅ និងព្រៃផ្សៃ បណ្តាលឱ្យរូបលោករងរបួសធ្ងន់ធ្ងរនៅក្នុងរថយន្ដ សឹងតែដាច់ខ្យល់ស្លាប់ និងរថយន្តក៏ត្រូវខូចខាតយ៉ាងដំណំដែរ។

ភ្លាមៗនោះ អ្នកនាង ទូច ស្រីល័ក្ខ បានចេញសារវិភាគ និងសម្ដែងការខកចិត្តចំពោះទង្វើកាត់សេចក្ដីដ៏សែនពាល និងពោរពេញដោយចរិតឈ្លក់នឹងហិង្សារបស់បងប្អូនប្រជាជនខ្មែរ(គ្មានការអប់រំ)មួយចំនួនចំពោះករណីខាងលើនេះ ដោយរៀបរាប់ថា «ឱពុទ្ធោអើយ ហេតុអីក៏ដូច្នេះលោក…ប្រទេសមានច្បាប់ បើគាត់បើកឡានរត់គឺខុសហើយ តែហេតុអីក៏អស់លោកប្រជាជនមួយចំនួនធ្វើទង្វើអ៊ីចឹងដាក់គាត់ ចុះបើអស់លោកដែលវ៉ៃគាត់ វ៉ៃប៉ះចំឪពុក ឬក៏ក្រុមគ្រួសារយើង ឬក៏អ៊ំ ឬពូរបស់ខ្លួនយើងវិញ តើអស់លោកប្រជាជនមួយចំនួនដែលវ៉ៃគាត់ទាំងនោះ មានអារម្មណ៍យ៉ាងណាដែរ? បើគាត់ឈប់ហើយ ចុះយើងហ្នឹងជាប្រជាជន ម៉េចមិនព្រមរកសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ ហើយឃាត់ខ្លួនគាត់ទុក ដើម្បីឱ្យគាត់ដោះស្រាយទៅលើជនរងគ្រោះទៅតាមនិតិច្បាប់? ចុះបើអស់លោកមួយចំនួនដែលវ៉ៃ ប្រើអំពើហិង្សាទៅលើរូបគាត់ដោយមិនសួរហេតុផល និងមិនស្តាប់ការបកស្រាយរបស់ជនបង្ករ? តើអស់លោកធ្វើម៉េចនឹងយល់?»។

អ្នកនាងបានបន្ដទៀតថា «តិចប្រយ័ត្នថ្ងៃណាមួយ អស់លោកមួយចំនួនដែលវ៉ៃគេដោយគ្មានហេតុផលទាំងនោះ ត្រូវគេវ៉ៃប៉ះបងប្អូនរបស់អស់លោកវិញ​ តើអស់លោកគិតយ៉ាងណា? ជនរងគ្រោះគ្មានវត្តមាន ជនបង្កទទួលខុសត្រូវ អ្នកដែលត្រូវដោះស្រាយឱ្យជនរងគ្រោះឥឡូវត្រូវរងរបួសធ្ងន់ដោយសារប្រជាជនមួយចំនួនមិនសួរនាំ និងវ៉ៃដោយគ្មានហេតុផល មិនដឹងថា ជនបង្កស្លាប់ ឬមួយក៏រស់ទេ»៕

 

ចែករំលែក