គឹម ស្រីកែវ តំណាងកម្ពុជាទៅប្រឡងបវរកញ្ញាទេសចរណ៍សម្រស់នៃអាស៊ីឆ្នាំ2018

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី9 ខែមេសា ឆ្នាំ2018នេះបានឱ្យដឹងថា កញ្ញា គឹម ស្រីកែវ កំពុងតែស្ថិតនៅក្នុងប្រទេសហ្វីលីពីន ដើម្បីចូលរួមកម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍សម្រស់នៃអាស៊ី ឬMiss Tourism Beauty of Asia ឆ្នាំ2018នេះ​ជាលើកដំបូងដែលប្រព្រឹត្តទៅនៅពីថ្ងៃទី9 នេះរហូតដល់ថ្ងៃផ្ដាច់ព្រ័ត្រទី29 ខែមេសា ខាងមុខនេះ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ហើយអ្វីដែលពិសេសនោះគឺ បេក្ខនារីតំណាងប្រទេសកម្ពុជាយើងរូបនេះមានគម្រោងបង្ហាញឈុតតំណាងជាតិដែលបានរចនាម៉ូដយ៉ាងសម្រិតសម្រាំង និងផ្ចិតផ្ចង់ជាទីបំផុត។

មិនត្រឹមតែមានរូបឆោមលោមពណ៌ស្រស់ស្អាតប៉ុណ្ណោះទេ តែនាងនៅមានសមត្ថភាពដ៏អស្ចារ្យដែលធ្លាប់បានបង្ហាញនៅលើឆាកប្រកួតបវរកញ្ញាជាច្រើនលើករួចមកហើយ។ បវរកញ្ញារូបនេះធ្លាប់មានការប្ដេជ្ញាចិត្តកន្លងមកថា «ដោយសារតែនាងខ្ញុំជាបវរកញ្ញាទេសចរណ៍ នាងខ្ញុំនឹងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសគឺប្រាសាទអង្គរវត្តទៅកាន់ពិភពលោកឱ្យបានស្គាល់»។ នាងបន្ដថា រូបនាងផ្ទាល់មិនសូវមានក្ដីរំពឹងទុកខ្ពស់ក្នុងការប្រកួតនោះទេ ព្រោះនេះជាបទពិសោធលើកទីមួយដែលទៅប្រកួតលើឆាកអន្ដរជាតិ ក៏ប៉ុន្ដែអ្វីដែលនាងបានព្យាយាមប្ដេជ្ញាចិត្តនោះគឺ នាងសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តរបស់នាងដើម្បីដណ្ដើមយកជយលាភីឱ្យទាល់តែបាន»។

ចង់ដឹងថា តើរូបសម្រស់ និងការប្ដេជ្ញាចិត្តរបស់កញ្ញា គឹម ស្រីកែវ នៅលើឆាកបវរកញ្ញាទេសចរណ៍ Miss Tourism Beauty of Asia ឆ្នាំ 2018នេះយ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ និងកុំភ្លេចរង់ចាំជួយបោះឆ្នោតគាំទ្ររូបនាងទាំងអស់គ្នាផងណា៎…។

Advertisement