អស្ចារ្យមែន!! កូនខ្មែរច្នៃសម្បកកង់ឡាន ធ្វើជាប្រាសាទអង្គរវត្ត រង់ចាំស្វាគមន៍ភ្ញៀវមកលេងមហាសង្ក្រាន្ដនៅបាត់ដំបង

មុននេះបន្ដិចមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីមួយបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឱ្យឃើញថា យុវជនខ្មែរយើងបានព្យាយាមច្នៃប្រឌិតសម្បកកង់រថយន្ដចាស់ៗឱ្យកា្លយជាប្រាង្គប្រាសាទអង្គរវត្តយ៉ាងល្អប្រណីតដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលនឹងមកលេងកម្សាន្ដនៅទឹកដីខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យមហាសង្ក្រាន្ដឆ្នាំថ្មីនេះ។

បើតាមការបញ្ជាក់របស់លោក Fang Fang Chiness បានឱ្យដឹងថា ប្រាង្គប្រាសាទដែលបានសាងពីសម្បកកង់រថយន្ដចាស់ៗនេះ មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលសុភមង្គល តាមផ្លូវវាងក្រុងបាត់ដំបង។ លោកបានប្រាប់បន្ថែមថា ប្រាង្គប្រាសាទអង្គរវត្តសិប្បនិម្មិតដ៏ល្អឯកមួយនេះ គឺជាស្នាដៃរបស់កូនខ្មែរដែលមានគំនិតច្នៃប្រឌិត ចេះប្រមូលផ្ដុំសម្បកកង់ និងពោះវៀនកង់ឡាន យកមកកាត់ហើយផ្គុំតម្រៀបគ្នាចេញជារូបប្រាសាទអង្គរវត្តដ៏ល្អស្អាត។ ប្រសិនបើប្រិយមិត្តទាំងអស់បានឃើញហើយ សូមកុំភ្លេចធ្វើដំណើរទៅខេត្តបាត់ដំបង ដើម្បីទៅចូលលេងកម្សាន្ដ និងទស្សនាទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ នៅលើទឹកដីខេត្តបាត់ដំបងមានរៀបចំកម្មវីធីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស 2562 គ.ស 2018 នៅតាមបណ្ដាទីរមណីយដ្ឋានធំៗ និងមានការតាំងបង្ហាញនូវរូបផ្លែម្នាស់យក្ស ដែលបង្ហាញពីសក្ដានុពលកសិកម្ម និងភោគផលដំណាំ រួមទាំងផ្លែពោតយក្ស និងផលិតផលភូមិមួយ ផលិតផលមួយទៀតផង និងកាន់តែពិសេសទៅទៀតនោះ នៅមានការរាំលេងកម្សាន្តតាមចង្វាក់តន្រ្តីប្រជាប្រិយប្រពៃណីខ្មែរគ្រប់ទម្រង់ទាំងអស់ ដើម្បីលើកស្ទួយកេរមរតកដូនតាខ្មែរយើងទៀតផង៕

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ ៖

Advertisement