ឆ្នាំនេះ ហេតុអីបាន ស៊ុន ស្រីពេជ្រ គ្មានបទចម្រៀងចូលឆ្នាំខ្មែរនឹងគេ?

គួរឱ្យចម្លែកមែនទែន និងមិនដូចឆ្នាំកន្លងៗទៅឡើយ ព្រោះឆ្នាំនេះមហាជនជាច្រើនបានទន្ទឹងចាំមើលផ្លូវ ចំពោះការចេញបទចម្រៀងថ្មីៗចូលរួមរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណីខ្មែររបស់តារាចម្រៀងបែបមនោសញ្ចេតនា គឺ​កញ្ញា ស៊ុន ស្រីពេជ្រ ដែលជាកូនស្រីរបស់តារាកំប្លែងនាយ សង់ ស៊ីស ហៅ​តា​ស៊ីស នៅក្នុងផលិតកម្មចម្រៀងថោន ហើយថែមទាំងស្ងប់ស្ងាត់ មិនឃើញមានចេញបទចម្រៀងថ្មីដូចតារាចម្រៀងរួមផលិតកម្ម។

ឆ្នាំកន្លងទៅ តារាចម្រៀងស្រីរូបនេះ បានរក្សាតំណែងជាតារាចម្រៀងប្រជាប្រិយបានយ៉ាងល្អ ដោយសារតែនាងបានផ្លាស់ប្ដូរទ្រនំពីរស្មីហង្សមាស មកនៅផលិតកម្មថោន ហើយបានចេញចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទចម្រៀងល្បីៗ និងមានចង្វាក់បែបប្រជាប្រិយខ្មែរ ដូចជាបទមានចំណងជើងថា «ជូនអូនទៅម៉ែ» ដែលជាចង្វាក់សារ៉ាវ៉ាន់ជាដើម។

តាមរយៈការបកស្រាយបញ្ជាក់ពីខាងអ្នកគ្រប់គ្រងផលិតកម្មថោន បានប្រាប់អ្នកយកព័ត៌មាន ឡារ៉ែន ថា «ខាងផលិតកម្មថោន បានរៀបចំបទចម្រៀងឱ្យតារាស្រីរូបនេះរួចហើយ ក៏ប៉ុន្ដែដោយសារនាងមានបញ្ហាគ្រួសារ និងត្រូវមើលថែទាំលោកឪពុកដែលកំពុងសម្រាកព្យាបាល ទើបជាហេតុបណ្ដាលឱ្យនាងខកខានមិនមានពេលវេលាមកថតសំឡេង ។ តែយ៉ាងណាក៏ដោយ ខាងផលិតកម្មរំពឹងទុកថា មហាជននៅតែបន្ដគាំទ្ររូបនាងតាមរយៈបទចម្រៀងកាលពីឆ្នាំមុនដដែល»។

សូមជម្រាបបន្ថែមថា មជ្ឈដ្ឋានមហាជននៅតែបន្ដរង់ចាំការចេញបទចម្រៀងថ្មីៗរបស់តារាស្រី ស៊ុន ស្រីពេជ្រ ដដែល និងរំពឹងថា នាងនឹងមិនបាត់មុខពីពិភពសិល្បៈយូរឡើយ៕

Advertisement