សុគន្ធ នីសា ចេញមុខអំពាវនាវរកជំនួយជួយសង្គ្រោះប្អូនប្រុស រក្សា

នៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកបានធ្វើឱ្យមហាជនទូទៅដឹងថា ពិតជាគួរឱ្យអាណិតអាសូរណាស់ដែលបុគ្គលិកក្នុងក្រុមហ៊ុនរស្មីហង្សមាសម្នាក់ដែលមានឈ្មោះ រក្សា សុខៗស្រាប់តែធ្លាក់ខ្លួនឈឺដោយជំងឺដាច់សរសៃឈាមខួរក្បាល និងបច្ចុប្បន្នកំពុងត្រូវបានសង្គ្រោះព្យាបាលនៅក្នុងបន្ទប់វះកាត់ខួរក្បាលនៅមន្ទីរពេទ្យរុស្ស៊ី។ អ្វីដែលគួរឱ្យអកុសលនោះគឺបុរសម្នាក់នេះមានតែ2នាក់ម្តាយ និងកូន ហើយម្តាយក៏ចាស់ជរាទៀត និងពេលនេះកំពុងខ្វះខាតលទ្ធភាពក្នុងការវះកាត់ព្យាបាល។

ភ្លាមៗនេះ នៅថ្ងៃម្សិលមិញតារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា បានចេញមុខដោយផ្ទាល់ក្នុងការអំពាវនាវរកជំនួយសប្បុរសធម៌ពីសំណាក់មហាជនទាំងឡាយ ដោយអ្នកនាងបានរៀបរាប់ថា  «ប្អូនប្រុស​ រក្សា​ ហេតុអីបានជាភ្លាមៗបែបនេះ​ ទើបតែឃើញប្អូនថ្ងៃមុនសោះ​ ពិតជាអាណិតប្អូនខ្លោចចិត្ត​ មិនដឹងថាប្អូនមានជំងឺបែបនេះ​ នៅពេលធ្វើការប្អូនមិនចេះមាត់​ក​ ស្លូតបូត​ តែងតែញញឹម​ និងតែងតែជួយថតរូបឱ្យបង​ ពេលនេះប្អូនធ្លាក់ខ្លួនឈឺជាទម្ងន់ភ្លាមៗបែបនេះ​ បង និងក្រុមការងារគ្មានអ្វីធ្វើបានក្រៅពីធ្វើការរៃអង្គាសថវិកាខ្លះដើម្បីជួយប្អូនបណ្តោះអាសន្ន​ ព្រោះជំងឺប្អូនត្រូវការរយ:ពេលព្យាបាល​ 6ខែទៀត​»។

តារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានបន្ដទៀតថា «ប្អូនមានតែពីរនាក់​ម្តាយ និងកូន​ ដែលកន្លងមកបងមិនដែលដឹងពីស្ថានភាពគ្រួសារប្អូនទេ​ ហើយនៅពេលនេះប្អូនធ្លាក់ខ្លួនឈឺ​ ហើយត្រូវការចំណាយថវិកាច្រើន​ ដូច្នេះហើយបងគ្មានអ្វីជួយក្រៅពី​សុំជំនួយពីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសទ្ធា​ ក្រែងលោ​​បានជួយសម្រាលប្អូនបានខ្លះ​ ហើយសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់នឹងជួយប្អូនតាមសទ្ធា​ ទោះតិចក្តី​ ច្រើនក្តី​ ស្ថានភាពប្អូនពេលនេះទោះជា​ 100 ​៛​ ក៏មានតម្លៃសម្រាប់ប្អូនដែរ​ បងសូមជូនពរ​ឱ្យប្អូនបានសុខសប្បាយ​ ហើយសូមអភ័យទោស​ដល់បងប្អូនទាំងអស់គ្នា​ដែលនាងខ្ញុំរំខាន​»។

គួរបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនប្រិយមិត្តអ្នកគាំទ្រទាំងអស់មានបំណង និងមានសទ្ធាទានឧបត្ថម្ភដល់ប្អូនប្រុស រក្សា សូមទាក់ទងលេខក្រុមគ្រួសារគាត់ផ្ទាល់ 092 368 123. 092 479 779 ។ សូមអរគុណ!៕

Advertisement