ឌីជេ ក្ដឹប ប្រកាសឈប់និពន្ធបទចម្រៀងភ្លាម កញ្ញា អេដ ដា និយាយពាក្យបែបនេះភ្លែត

នៅថ្ងៃម្សិលមិញនេះ លោក ចាន់ សំណាង ហៅឌីជេ ក្ដឹប ដែលជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងថ្មីនៅផលិតកម្មរស្មីហង្សមាសបានចេញឃ្លីបវីដេអូរយៈពេលខ្លីប្រកាសថា ខ្លួននឹងលាឈប់ពីអាជីពនិពន្ធបទចម្រៀងមួយនេះហើយ។ បន្ទាប់ពីបានឃើញ និងដឹងព័ត៌មាននេះភ្លាម តារាចម្រៀង Original Song កញ្ញា អេដ ដា ក៏បានរៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនដែលបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះទេពកោសល្យដែលលោក ចាន់ សំណាង មាន ហើយបានព្យាយាមលះបង់អស់រយៈពេលជាច្រើនឆ្នាំក្នុងការបម្រើអារម្មណ៍មហាជនគ្រប់ស្រទាប់។

ម្ចាស់បទ «ពីរនាក់បានហើយ​» រូបនេះបានពោលថា «សម្រាប់ខ្ញុំ គឺមានតែសោកស្តាយដែលការមិនឱ្យតម្លៃលើទេពកោសល្យ និងបំភ្លេចស្នាដៃដ៏លេចធ្លោរបស់គាត់ចោល ធ្វើឱ្យពិភពសិល្បៈត្រូវបាត់បង់មនុស្សមានសមត្ថភាពផ្នែកនិពន្ធម្នាក់ ព្រោះតែការបាក់ទឹកចិត្ត។ 10 ឆ្នាំហើយដែលគាត់តស៊ូហែលឆ្លងលើវិស័យនេះ តាំងពីធ្វើការនៅវិទ្យុ រហូតដល់ក្លាយជារ៉េបភើរអនាថាដែលគ្មានផលិតកម្មណាអើពើ ហើយកាលនោះសឹងតែគ្មានតម្លៃទាល់តែសោះ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះគាត់ជោគជ័យហើយ តែបែរជាត្រូវបោះបង់ចោលទៅវិញ!!  តែទោះយ៉ាងណា ខ្ញុំគាំទ្រនូវអ្វីដែលគាត់គិតថាធ្វើឱ្យគាត់សប្បាយចិត្ត ហើយមានតែជូនពរឱ្យក្តឹប ជោគជ័យក្នុងជីវិត និងគ្រប់ការងារដែលក្តឹបចង់ធ្វើ»។

គួរបញ្ជាក់ផងដែរថា លោក ចាន់ សំណាង បានប្រកាសថា ខ្លួននឹងបញ្ចប់ការងារនិពន្ធបទចម្រៀងនេះហើយ ក្រោយពីលោកមានបញ្ហានៅក្នុងក្រុមគ្រួសារ តែលោកបានសន្យាជាមួយមហាជនថា លោកនឹងវិលត្រឡប់មកវិញនៅក្នុងឱកាសណាមួយដែលលោកមានបំណងចិត្តចង់ធ្វើការនិពន្ធឡើងវិញ។ ហើយលោកក៏បានបញ្ជាក់ទៀតថា លោកគ្រោងនឹងប្រកបរបរមួយជាមួយក្រុមគ្រួសារ និងម្ដាយរបស់លោកដែលរំពឹងទុកថា មហាជនលោកនៅតែស្រឡាញ់ និងគាំទ្រលោកជានិច្ច(បេល ជូនពរឱ្យជោគជ័យណា៎ក្ដឹបណា៎)៕

Advertisement