ម៉ា ដូណា និង Kaka KH នាំអំណោយ និងសម្ភារសិក្សាទៅជូនប្អូនៗកុមារនៅខេត្តកំពង់ស្ពឺ

នៅថ្ងៃម្សិលមិញនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Kaka KH បានបង្ហោះរូបភាព និងធ្វើការ Live ជាវីដេអូដែលបង្ហាញឱ្យឃើញពីសកម្មភាពសប្បុរសធម៌របស់នាងជាមួយតារាកំប្លែង ពូកែវោហារផ្លែផ្កាចាក់ទឹកមិនលេច លោក ម៉ា ដូណា ក្នុងការនាំយកអំណោយជាសម្ភារសិក្សាដែលមានដូចជា ប៊ិច ខ្មៅដៃ សៀវភៅ ទឹកលុប ដែកឈាន និងទឹកប្រាក់បន្ដិចបន្ដួចទៅចែកជូនប្អូនៗកុមារា-កុមារីនៅក្នុងអនុវិទ្យាល័យ ភ្នំតូច ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ។

ដោយទឹកចិត្ត និងក្ដីស្រឡាញ់ចំពោះប្អូនៗដែលជាទំពាំងស្នងឫស្សីនៅក្នុងអនុវិទ្យាល័យ  ភ្នំតូច នោះ លោក ម៉ា ដូណា ដែលមានរហស្សនាមថា តារាមុខសេះ បានផ្ដាំផ្ញើពាក្យពេចន៍មួយចំនួនទៅកាន់ប្អូនៗថា អំណោយបន្ដិចបន្ដួចនេះជាការផ្ដួចផ្ដើមចេញពីទឹកចិត្តបងៗដែលមានបំណងចង់ឱ្យប្អូនៗខិតខំសិក្សារៀនសូត្រ ចៀសឱ្យផុតពីគ្រឿងញៀន ហើយចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក និងចេះជួយយកអាសាគ្នា ព្រោះថា ប្អូនៗគឺជាទំពាំងដែលត្រូវស្នងសសរទ្រូងប្រទេសជាតិរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ា ដូណា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា «នៅថ្ងៃអនាគត បើប្អូនៗចង់មានការងារធ្វើ និងសម្រេចក្ដីបំណងដែលខ្លួនបានប្រាថ្នា លុះត្រាតែប្អូនៗទាំងអស់គ្នាខំរៀន ទើបអាចយកចំណេះនេះទៅប្រកបរបរចិញ្ចឹមជីវិតបាន ព្រោះថា ប្អូនៗម្នាក់ៗសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លូន»៕

Advertisement