តារាសម្ដែងឯកប្រុស លន់ ធីលុច ក្លាយជាអ្នកតំណាងផលិតផលថែសម្ផស្សធំមួយនៅប្រទេសកម្ពុជា

បន្ទាប់ពីបានជោគជ័យយ៉ាងខ្លាំងនៅលើវិថីសិល្បៈ តារាសម្ដែងឯកប្រុស លន់ ធីលុច នៅពេលថ្មីៗនេះ បានទទួលការងារបន្ថែមថ្មីមួយទៀត គឺជាអ្នកតំណាងផលិតផលថែសម្ផស្សធំមួយដែលមានឈ្មោះល្បីនៅក្នុងប្រទេសថៃ និងកំពុងចរាចរក្នុងទីផ្សារប្រទេសកម្ពុជាដែលមានឈ្មោះថា «LOOKPAT Collagen»។

តារាសម្ដែងឯកប្រុសនៅក្នុងភាពយន្ដខ្នាតធំរឿង «ឆមាសចុងក្រោយ» រូបនេះ បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា លោកពិតជាមានក្ដីរំភើបណាស់ ស្របពេលដែលទទួលបានការគាំទ្រ និងមានកេរ្ដិ៍ឈ្មោះនៅក្នុងវិថីសិល្បៈបន្ទាប់ពីបានសាងស្នាដៃសម្ដែង និងបញ្ចេញទេពកោសល្យឱ្យមហាជនលោកបានស្គាល់កន្លងមកនោះ ទើបបានជាធ្វើឱ្យលោកមានភាពជោគជ័យទាំងសិល្បៈ និងការលក់ផលិតផលរក្សាសម្ផស្សផងដែរ។ លោកបន្ដថា «LOOKPAT Collagen» គឺជាវីតាមីនរក្សាសម្ផស្សសម្រាប់ស្បែក ដើម្បីឱ្យស្បែកសភ្លឺរលោង និងជាប្រេ៊នដ៍ធំល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ ដែលមានតារាល្បីៗនៅក្នុងប្រទេសថៃបានប្រើប្រាស់ជាប្រចាំ ហើយលោកក៏មានកិត្តិយសបំផុត ដែលបានក្លាយជាអ្នកតំណាងផលិតផល ឬទូតសុឆន្ទៈនៃផលិតផលធំមួយនៅក្នុងប្រទេសកម្ពុជា។

លោក ធីលុច ដែលជាតារាសម្ដែងប្រចាំផលិតកម្ម ភ្លេងរីខដ និងរស្មីហង្សមាសរូបនេះ បានបញ្ជាក់ប្រាប់បន្ថែមថា ដោយសារតែលោកជាសិល្បករមួយរូបនេះនៃព្រះរាជាណាចក្រកម្ពុជា ដូច្នោះហើយការថែរក្សាសម្ផស្សគឺជារឿងចាំបាច់មួយដែលមិនអាចរំលងបាន មិនថាតារាប្រុស ឬស្រីឡើយ ។ លោកបន្ដថា បច្ចុប្បន្ននេះ ផលិតផលរក្សាសម្ផស្សស្បែកមួយនេះ មានទីផ្សារខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា រហូតដល់លក់ដាច់អស់ពីស្តុកគ្រប់ពេលយកមកដល់ ព្រោះថា មិនត្រឹមតែតារាល្បីៗនៅក្នុងស្រុកដែលបានប្រើប្រាស់នេះទេ សូម្បីតែមហាជនអ្នកគាំទ្រ ក៏បានបន្ដទំនាក់ទំនងយកទៅលក់បន្ដ និងប្រើប្រាស់ដូចគ្នាផងដែរ។

ជាចុងក្រោយ តារាសម្ដែងវ័យក្មេងរូបនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នៅពេលឆាប់ៗខាងមុខនេះទៀត លោកគ្រោងនឹងចាប់ផ្ដើមរបរថ្មីមួយទៀតទន្ទឹមគ្នា គឺហាងលក់សម្លៀកបំពាក់ ដែលនាំចូលនូវសម្លៀកបំពាក់ម៉ាកល្បីៗពីបរទេស និងស្អាតៗមកបំពេញសេចក្ដីត្រូវការរបស់អតិថិជនលោកបន្ថែមទៀតផង៕

Advertisement