កញ្ញា ហាស់ ឌីជូរលីន ប្រកាសចូលសិល្បៈវិញ បន្ទាប់ពីបានជួបរឿងធំ…

បន្ទាប់ពីមានរឿងហេតុអាក្រក់កើតឡើងនៅក្នុងជីវិត រហូតដល់ថ្នាក់លោតសម្លាប់ខ្លួនពីលើខុនដូកម្ពស់ 12ជាន់កាលពីអំឡុងឆ្នាំ2017 ​នោះមកធ្វើឱ្យតារាបង្ហាញម៉ូដ និងសម្ដែងស្រី ហាស់ ឌីជូរលីន បានបាត់មុខមួយរយៈធំចេញពីពិភពសិល្បៈ។

គួររំឭកបន្ដិចសិនថា អតីតកញ្ញា​ឯក «Bridgestone» រូបនេះបានលោតពីជាន់ទី12 នៃអគារខុនដូ «កាហ្សា» នៅរសៀលថ្ងៃទី18 ខែឧសភា ឆ្នាំ2017 ដែលស្ថិតនៅតាមផ្លូវបេតុងក្រុម78 ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែពេលធ្លាក់ចុះមកបែរជាចំអាងទឹក បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់មកក៏លេចចេញដំណឹងមកថា ដោយសារនាងខូចចិត្តរឿងស្នេហាត្រីកោណ ជាហេតុបណ្ដាលឱ្យនាងសម្រេចចិត្តលោតសម្លាប់ខ្លួនបែបនេះ។

តែយ៉ាងណាមិញ ក្រោយពេលដឹងខ្លួនភ្លាមនៅក្នុងមន្ទីរពេទ្យ តារាស្រីរូបនេះបានធ្វើការបកស្រាយតាមរយៈវីដេអូនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា កាលនោះដោយសារតែមានការឆុងឆ្នាំ ក្រោយពីនាងបាន​ទៅចូលរួមបុណ្យសពមួយ។ នាងថា វាមិនប្រាកដថា មកពីឆុងឆ្នាំ ឬនៅទីនោះមានជើងកប ឬអ្វីនោះទេ តែវាមិនពាក់ព័ន្ធនឹងរឿងស្នេហាឡើយ ហើយនាងក៏មានកេរ្តិ៍ឈ្មោះកិត្តិយសដែរ មិនដល់ថ្នាក់ធ្វើរឿងបែបនោះឡើយ។ រឿងអាស្រូវមួយនេះបានធ្វើតារាស្រីវ័យក្មេងម្នាក់នេះផ្អាកពីការងារសិល្បៈអស់មួយរយៈ ដើម្បីរង់ចាំវេលាឱ្យមានរាសីឡើងវិញ។

នៅថ្ងៃម្សិលមិញនេះ កញ្ញា ហាស់ ឌីជូរលីន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន​ ថា នាងបានវិលត្រឡប់មកសិល្បៈវិញហើយ ហើយរូបនាងផ្ទាល់ក៏បើកទទួលការងារសិល្បៈវិញដែរ ដូច្នោះហើយ នាងបានអំពាវនាវដល់បងប្អូនទាំងអស់ ដែលបានគាំទ្ររូបនាងពីមុនមក សូមជួយបន្ដគាំទ្ររូបនាងជាថ្មីម្ដងទៀត និងអរគុណរាល់ទឹកចិត្តស្រឡាញ់ ជាពិសេសចំពោះក្ដីបារម្ភចំពោះរូបនាងនាពេលកន្លងមកផងដែរ៕

 

រូបថត៖ ស៊ីឡែន

Advertisement