ឈីន រតនៈ ទម្លាយរឿងពិតក្រោយសកម្មភាពថតចម្រៀងជាមួយសត្វពស់ថ្លាន់

ពិតជាដូចជាមហាជនបានទស្សនាមកហើយពីបទចម្រៀងមានចំណងជើងថា «សង្សារស្អាតជ្រុល» របស់តារាចម្រៀងស្រី ឈីន រតនៈ នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមួយបទនេះតម្រូវឱ្យតារាស្រីរូបនេះរៀបចំខ្លួន និងស្ទីលសម្ដែងបែបរ៉ក់ មើលទៅរាងកាចៗ រហូតដល់អ្នកដឹកនាំសម្ដែង លោក កៅ សីហា បានតម្រូវឱ្យនាងសម្ដែងឈុតប្រឡែងលេងជាមួយសត្វពស់ថ្លាន់ទម្ងន់ជាង 100 គីឡូថែមទៀតផង ដើម្បីឱ្យមើលទៅឃើញកាន់តែសាហាវទាក់ទាញទៅតាមបទចម្រៀង។

បើតាមសម្ដីពិតរបស់តារាស្រីវ័យក្មេងរូបនេះបានឱ្យដឹងថា «នេះជាឈុតក្នងបទ «សង្សារស្អាតជ្រុល» ដែលជាបទចម្រៀង ROCK និងសង្ឃឹមថាបងប្អូន និងមិត្តយុវវ័យទាំងអស់គ្នាច្បាស់ជាពេញចិត្ត ស្រឡាញ់ និងគាំទ្រ MV មួយនេះមិនខាន ហើយថ្ងៃនេះនាងខ្ញុំគ្រាន់តែចង់និយាយអំពីផលវិបាកតែមួយចំណុចគត់ដែលធ្វើឱ្យខ្ញុំភ័យខ្លាចចុះញ៉មក្នុងការថតបទចម្រៀងមួយបទនេះតែម្ដង…នោះគឺអ្នកដឹកនាំតម្រូវឱ្យថតជាមួយនឹងពស់ថ្លាន់ ដែលវាមានទម្ងន់ជាង100គីឡូឯណោះ»។

នាងបានបន្ដបញ្ចាក់ពីអារម្មណ៍ពិតប្រាប់មហាជនឱ្យដឹងទៀតថា «ខ្ញុំខ្លាច ខ្ញុំរេរា ខ្ញុំអត់ហ៊ាន ខ្ញុំភ័យ យំផងស្រែកផង ព្រោះតែមិនហ៊ានទៅជិតវា  តែចុងក្រោយអ្វីដែលខ្ញុំតាំងចិត្តថា អាចថតជាមួយវាបាននោះគឺ ដោយសារតែអ្នកគាំទ្រ ព្រោះចង់ឱ្យទាំងអស់គ្នាបានប្លែកភ្នែក និងប្លែកអារម្មណ៍ជាមួយនឹងបទចម្រៀងមួយបទនេះ ហើយក៏សូមអរគុណដល់បងប្រុស កៅ សីហា ដែលគាត់បានប្រឹងប្រែង និងខំសម្រិតសម្រាំងរកនូវអ្វីដែលថ្មីៗ ក៏ដូចជាដឹកនាំនៅបទចម្រៀងមួយបទនេះបានយ៉ាងល្អដែរ អរគុណដល់បងៗក្រុមការងារទាំងអស់គ្នាដូចគ្នា» នេះបើតាមការជម្រាបបន្ថែមរបស់ កញ្ញា ឈីន រតនៈ៕

Advertisement