អ៊ី វ៉ា កាន់តែលេចតម្រុយស្ពាយបង្វេចទៅទ្រនំថោនមែនទែនហើយ

កាលពីថ្ងៃមង្គលការរបស់កូនស្រីម្ចាស់ផលិតកម្មថោនពេលថ្មីៗនេះ គេសង្កេតឃើញមានភាពកក្រឹកកក្រេងយ៉ាងខ្លាំង សូម្បីតែការតុបតែងក៏មើលទៅដូចជាពិធីអាពាហ៍ពិពាហ៍នៅក្នុងឋានសុវណ្ណអ៊ីចឹង ដែលមើលទៅប្រណីតភាពបំផុតទាំងការរចនា និងគ្រឿងអលង្ការ។ មិនតែប៉ុនណោះ គេក៏បានមើលឃើញថាដែរថា មានតារាចម្រៀងសម្ដែង ក្រុមការងាររួមទ្រនំមួយនេះ បានសម្ញែងភាពស្រស់ស្អាត និងរីករាយចូលរួមអបអរក្នុងពិធីមង្គលការដ៏ធំមួយនេះផងដែរ។

ក្រៅពីតារាចម្រៀងនៅក្នុងផលិតកម្មថោនបានចូលរួមនៅក្នុងពិធីមង្គលការរបស់កូនស្រីម្ចាស់ផលិតកម្មហើយនោះ គេក៏មើលឃើញទៀតថា តារាចម្រៀងស្រីនៅផលិតកម្មសាន់ដេ កញ្ញា អ៊ី វ៉ា ក៏បានចូលរួមនៅក្នុងកម្មវិធីខាងលើនេះដែរ ទាំងមិនឃើញមានតារាចម្រៀងពីផលិតកម្មផ្សេង ឬនៅក្នុងផលិតកម្មជាមួយ អ៊ី វ៉ា បានមកចូលរួម ហើយបង្កភាពស្និទស្នាលដូចជាគ្រួសារតែនិងផលិតកម្មថោន ដូចជារូបនាងនោះឡើយ។ គួរកត់សម្គាល់ខ្លាំងបំផុតគឺ តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ​កញ្ញា អ៊ី​ វ៉ា បានបង្ហាញ​កាយវិការ​ស្និទ្ធស្នាល​​ជាមួយ​តារាចម្រៀង​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ពិធី ហើយសកម្មភាពរបស់នាង ធ្វើឱ្យ​មហាជន​យល់ថា នាងស្ពាយបង្វេចផ្លាស់ប្ដូរ​ទ្រនំពិតប្រាកដហើយ ព្រោះ​កន្លងមកមានព័ត៌មានចេញផ្សាយយ៉ាងសុះសាយជាច្រើន​ទាក់ទង​នឹង​ការដើរ​ចេញ​របស់ អ៊ី​វ៉ា ទៅកាន់​ទ្រនំធំមួយនេះ។​

គួររំឭកផងដែរថា កន្លងមកតារាចម្រៀងស្រីរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្ដែងៗថា «ខ្ញុំមិនមែនជាអ្នកចម្រៀងហង្សមាស ហើយក៏មិនបានចូលថោនដែរ នាងខ្ញុំមិន​ទាន់ចង់និយាយ​មុន​ទេ ព្រោះទោះជាចប់កុងត្រាជាមួយសាន់ដេមែន តែនាងខ្ញុំនៅតែជាអ្នកចម្រៀងរបស់សាន់ដេនៅឡើយ»។ ហើយនាងបន្ដថា « ច្បាស់ជាងខ្លួនខ្ញុំទៀតណ៎..អ្វីក៏អាចផ្លាស់ប្ដូរបានដែរ។ ទៅមុខត្រឡប់ក្រោយ ត្រឡប់ក្រោយទៅមុខ ទិសដៅក្រឡាប់ចាក់ អាចនិងឆ្ងល់ តែនិងយល់ ពេលដឹងពីអត្ថន័យ »។

ការស្ពាយបង្វេចដើរចេញពីផលិត​កម្មសាន់ដេទៅចូល​ផលិតកម្មថោននៅពេលនេះបានលេចចេញតម្រុយបាត់ទៅហើយ ព្រោះនាងបានចប់កុងត្រាជាមួយសាន់ដេហើយ ​ខណៈកន្លងមកទៀតធ្លាប់ធ្លាយដំណឹងតារាស្រីវ័យក្មេងរូបនេះត្រូវបានផលិតកម្មធំមួយ និងកំពុងព្យាយាមអូសទាញមកធ្វើជាសមាជិកថ្មីរបស់ខ្លួនជាយូរណាស់មកហើយដែរ។ យ៉ាងណាមិញ ក៏មានការបកស្រាយបញ្ចប់ចម្ងល់ពីតារាស្រីរូបនេះកន្លងមកនោះ នាងមិននិយាយ​ឱ្យចំៗនៅឡើយទេ ពោលគឺនាងនៅតែចង់ពង្វៀងដានមហាជនអ្នកគាំទ្រ ព្រោះមិនចង់ឱ្យធ្លាយព័ត៌មាន៕

Advertisement