សម្ដេច ហ៊ុន សែន ៖ « បើ ប៊ុត សីហា ប្រកាសថាមិនពាក់ព័ន្ធគ្រឿងញៀន តើយើងទៅប្រកែប្រកាន់អីគ្នា? »

នៅព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ2018 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយដែលជាកម្មករ-កម្មការិនីសរុប 19,949នាក់មកពីរោងចក្រ-សហគ្រាសចំនួន17 នៅក្នុងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលនោះផងដែរ សម្ដេចបានលើកឡើងអំពីតារាចម្រៀង និងសិល្បករដែលមានដើមកំណើតចេញពីខេត្តកំពង់ស្ពឺ រួមទាំងបានមានប្រសាសន៍អំពីករណីតារាចម្រៀង ប៊ុត សីហា ដែលបានពាក់ព័ន្ធជាមួយគ្រឿងញៀនកាលពីពេលកន្លងមកទៀតផង។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា «អ្នកចម្រៀងក៏មានចេញពីខេត្តកំពង់ស្ពឺ ដែរ… ប៊ុត សីហា អីហ្នឹង។ តែឥឡូវ ប៊ុត សីហា គ្នាកំពុងតែបកស្រាយអីណា…គ្រឿងញៀន…គ្រឿងអីណា…។ ឥឡូវបើសិនជាគ្នាប្រកាសថា មិនពាក់ព័ន្ធគ្រឿងញៀន តើយើងទៅប្រកែប្រកាន់អីគ្នា?។ អារឿងហ្នឹងគឺ វាអ៊ីចឹង…»។

គួរកត់សម្គាល់ផងដែរថា បើទោះបីជាកន្លងមកតារាចម្រៀង ប៊ុត សីហា មានរឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនក៏ដោយ ក៏ប៉ុន្ដែដោយសារការទទួលស្គាល់កំហុស និងភាពឱនលំទោន ទទួលយកការណែនាំពីសំណាក់មហាជន និងតារារៀមច្បង បានធ្វើឱ្យលោកកែប្រែកំហុសរបស់ខ្លួន ហើយក៏បានទទួលនូវក្ដីអាណិតស្រឡាញ់គាំទ្រ និងលើកទឹកចិត្តពីសំណាក់មហាជនឡើងវិញដែរ។ ឆ្លើយតបទៅនឹងប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី តារាចម្រៀង ប៊ុត សីហា នាពេលថ្មីៗនេះ គឺពិតជាទទួលបាននូវក្ដីស្រឡាញ់ជាថ្មី និងការលើកលែងភាពប្រកែប្រកាន់ពីសំណាក់ប្រិយមិត្តគ្រប់រូប ហើយ និងសង្ឃឹមថា នឹងខិតខំកសាងខ្លួន សាងប្រជាប្រិយភាពឡើងវិញ ដើម្បីសងគុណអ្នកម្ដាយឱ្យស័ក្តិសមជាកូនកតញ្ញូ៕

Advertisement