អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោនពន្លះគណនីហ្វេសប៊ុកដាក់រូបលោកបន្លំបោកលុយគេ

នៅមុននេះបន្ដិច អ្នកដឹកនាំសម្ដែងល្បីឈ្មោះ និងមានតំណែងធំនៅក្នុងផលិតកម្មថោន លោក វ៉ាត លីម៉េង បានសរសេរពន្លះគណនីហ្វេសប៊ុកក្លែងក្លាយមួយដែលបានប្រើប្រាស់រូបលោក និងបានបោកប្រាស់លុយគេអស់មួយចំនួនទៀតផង។​

អ្នកដឹកនាំចម្រៀងរូបនេះបានប្រកាសនៅលើហ្វេសប៊ុកខ្លួនថា «ខ្ញុំទើបតែដឹងមុននេះបន្តិចថា​ Account ឈ្មោះ​Bong Rithyបានយករូបខ្ញុំមកលេង ​និងដាក់រូបខ្ញុំលើ Profile ហើយAccountហ្នឹងបានបោកលុយគេមួយចំនួនផងដែរ។ ខ្ញុំសូមជម្រាបថា ​account ឈ្មោះ​Bong Rithyមិនមែនជារបស់ខ្ញុំទេ(Accountខ្ញុំ មានតែមួយគត់ គឺ​VathLymeng ) ដូច្នេះរាល់ទង្វើ​ផ្សេងៗដែលបង្កឡើងដោយ​Account Bong Rithyខ្ញុំមិនទទួលខុសត្រូវឡើយ»។ លោកបន្ដបន្ថែមទៀតផងដែរថា «ខ្ញុំក៏សូមផ្តាំទៅអ្នកដែលយករូបខ្ញុំទៅលេងថា ឈប់បាន​ឈប់ទៅ កុំដើម្បីផលប្រយោជន៍ខ្លួនឯង យករូបខ្ញុំទៅដើរបោកគេអ៊ីចឹង។ ហើយក៏សូមផ្តាំទៅអ្នកលេង​Facebook ទាំងអស់គ្នាដែរថា មុននឹងលេងជាមួយអ្នកណាម្នាក់ សូមពិនិត្យមើលAccount គេឱ្យច្បាស់ផងថា ជាម្ចាស់ពិត ឬយករូបគេមកលេង ចៀសវាងការចាញ់បោកមនុស្សបាតសង្គមមួយចំនួនដែលយករូបគេមកលេង»។

សូមជម្រាបបន្ថែមថា លោក វ៉ាត លីម៉េង អ្នកដឹកនាំសម្តែ​ងក្នុងផលិតកម្មថោន ដែលមានឈ្មោះបោះសំឡេងក្នុងការដឹកនាំផលិតកម្ម និងទូរទស្សន៍ថោន FullHD និងជាកូនកាត់ 4សាសន៍ ដោយឪពុកមានឈាមជ័រជាខ្មែរកាត់ឡាវ និងម្តាយជាចិនកាត់វៀតណាម៕

 

Advertisement