ពែក មី បដិសេធមិនទទួលយកការចរចា និងថ្លៃព្យាបាលរបួសប្អូនប្រុស

កាលពីពេលថ្មីៗនេះ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN គឺលោក ពែក មី បានបង្ហោះវីដេអូចេញមុខបដិសេធចំពោះការចរចា និងមិនទទួលយកទឹកប្រាក់ជួយចេញថ្លៃព្យាបាលរបួសរបស់ប្អូនថ្លៃប្រុសរបស់លោក ចំនួន 4,000 ដុល្លារសហរដ្ឋអាមេរិកពីភាគីម្ខាងទៀតឡើយ។

នៅក្នុងវីដេអូដែលមានរយៈពេលជាង 6នាទី លោក ពែក មី បាននិយាយថា ខាងមន្ត្រីអធិការខណ្ឌឫស្សីកែវ បានមកចរចាជាមួយក្រុមគ្រួសាររបស់លោក ដោយបានប្រាប់ថា ខាងភាគីរថយន្ដមានសន្ដានចិត្តបុណ្យជួយចេញថ្លៃព្យាបាលរបួសប្អូនប្រុសរបស់លោកជាថវិកាចំនួន 4,000 ដុល្លារសហរដ្ឋអាមេរិក តែលោកបានបដិសេធ និងមិនទទួលយកការចរចាណាមួយឡើយ។ លោកអះអាងថា «ករណីប្អូនប្រុសខ្ញុំ ជាករណីមនុស្សឃាត តែហេតុអ្វីបានជាខាងអធិការខណ្ឌឫស្សីកែវបានសរសេរថា ខាងភាគីរថយន្ដមានសន្ដានចិត្តបុណ្យជួយចេញថ្លៃព្យាបាល 4,000 ដុល្លារដល់ខាងភាគីជិះម៉ូតូដែលជិះបុកជញ្ជាំងដោយខ្លូនឯងទៅវិញ?។ បងប្អូនអើយ…យើងពិតជាមិនអាចទទួលការចរចានេះបានទេ»។

ទន្ទឹមគ្នានោះដែរ តារាកំប្លែងមានឈ្មោះបោះសំឡេងរូបនេះ បានអះអាងនៅក្នុងវីដេអូរបស់ខ្លួនទៀតថា លោកនឹងបន្ដដាក់ពាក្យបណ្ដឹងទៅខាងសាលារាជធានីបន្ដទៀតដើម្បីទាមទាររកយុត្តិធម៌ជូនប្អូនប្រុសរបស់លោក ដោយលោកបានបញ្ជាក់ និងប្រកាន់ជំហរប្រាប់មហាជនប្រិយមិត្តខ្មែរទាំងអស់ថា ករណីប្អូនថ្លៃប្រុសរបស់លោក គឺជាករណីមនុស្សឃាត មិនមែនជាករណីជិះម៉ូតូទៅបុកជញ្ជាំងរបងដោយខ្លួនឯងនោះទេ ព្រោះរថយន្ដជនល្មើសបានប្រដេញពីក្រោយយ៉ាងប្រកិត រហូតដល់មានគ្រោះថ្នាក់នោះកើតឡើងតែម្ដង។

គួរបញ្ជាក់ផងដែរថា លោក ពែក មី បានអំពាវឱ្យមហាជនបានជ្រាប និងអរគុណចំពោះក្ដីបារម្ភមកកាន់ក្រុមគ្រួសារលោក ដោយបានចំណាយថវិកាទូរស័ព្ទមកសួរនាំលោកអំពីដំណើររឿងទៀតផង។ សូមជម្រាបន្ថែមថា ខណៈនេះប្អូនប្រុសនាយ ពែក មី កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ឯប្រទេសវៀតណាម។ ដើម្បីកាន់តែជាក់ច្បាស់បន្ថែមទៀត សូមអញ្ជើញប្រិយមិត្តទាំងអស់ទស្សនាវីដេអូរបស់នាយ ពែកមី ខាងក្រោមនេះ៖

Advertisement