អស្ចារ្យ!!  ល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី

នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃអាទិត្យ ទី27 ខែឧសភា ឆ្នាំ2018 មានការសម្ដែងល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ដែលមានការចូលរួមសម្ដែងពីសំណាក់លោកគ្រូ-អ្នកគ្រូខាងផ្នែកល្ខោននិយាយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះគឺ ល្ខោននិយាយមួយនេះបានបំផុសគំនិតឱ្យយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សីទាំងអស់ស្រឡាញ់នូវភាពយុត្តិធម៌ សច្ចធម៌ គុណតម្លៃការងារ ភាពស្មោះត្រង់ និងបញ្ចៀសរាល់ទង្វើគាបសង្កត់កេងចំណេញរកតែផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែទស្សនាហើយទទួលបានការអប់រំនោះទេ ភ្ញៀវកិត្តិយសដែលភាគច្រើនជាយុវវ័យប្រុសស្រី បានផ្ដល់ការគាំទ្រ និងលើកទឹកចំពោះល្ខោននិយាយដែលជាសិល្បៈខ្មែរទី 6នេះ បាននាំគ្នាមកទស្សនាយ៉ាងភ្លូកទឹកភ្លូកដីរហូតដល់សឹងតែរកកន្លែងអង្គុយគ្មាន។

គួរបញ្ជាក់ផងដែរថា តាមរយៈល្ខោននិយាយរឿង «តៃកុងហំ ហៅ ថៅកែចិត្តចោរ» ដ៏ល្អឯកមួយនេះ ធ្វើឱ្យកូនខ្មែរដែលជាអ្នកថែរក្សា ស្រឡាញ់ និងអភិរក្សសិល្បៈដូនតាខ្មែរ ងាកមកគាំទ្រ និងស្នើសុំឱ្យមានល្ខោននិយាយដែលមានភាពអប់រំ និងបែបផែនទស្សនវិទ្យាបែបនេះឱ្យបានច្រើន និងជាបន្ដបន្ទាប់ទៀត ដើម្បីឱ្យព្រលឹងនៃសិល្បៈដូនតាខ្មែរបានរស់ និងដង្ហើមដកទៅដល់ពេលអនាគតថែមទៀត៕

Advertisement