មិនទាន់ចប់ទេ!  ម៉ៃ សុគន្ធ នៅតែបន្ដរិះគន់តារាចម្រៀង ថេណា

កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀង និងមហាជនបានដាក់រហស្សនាមឱ្យថា «កំពូសទើស» លោក ម៉ៃ សុគន្ធ បានចេញមករិះគន់តារាចម្រៀង Original Song លោក ថេណា ថា ច្រៀងមិនច្បាស់ រកតែស្ដាប់មិនយល់ ដោយបានសង្កត់ធ្ងន់ទៅលើបទចម្រៀងដែលមានចំណងជើងថា «ភពឯកា»។

កន្លងមកលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ ថេណា ថា «និយាយពី Original Song សម័យឥឡូវ បើចង់ស្តាប់ទាល់តែបើកត្រចៀកឱ្យធំ ឱនទៅឱ្យជិត Speaker ទើបស្តាប់ដឹងថា វាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឱ្យច្បាស់…) បើថាតាឡាន់ មិនចំតាឡាន់ អានិកជាន់ មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ»។ គួរកត់សម្គាល់ផងដែរថា បន្ទាប់មានការរិះគន់បែបនេះឡើង គេមើលឃើញថា មហាជនមួយចំនួនគាំទ្រសម្ដីរបស់ ម៉ៃ សុគន្ធ តែក៏មានមហាជនអ្នកគាំទ្រមួយចំនួនទៀតបានពន្លះ ម៉ៃ សុគន្ធ វិញដោយមិនប្រណីថ្វីមាត់ដែរ។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានការរិះគន់ចំពោះ ថេណា បែបនេះ តារាចម្រៀងប្រុសរូបនេះក៏បានធ្វើការឆ្លើយបញ្ជាក់វិញដែរថា «អត់មានអីខឹង ឬឆ្លើយតបអីទៅគាត់វិញផងបង ព្រោះអាជីពគាត់ល្បីល្បាញដោយសារតែការរិះគន់គេ បើសិនជាខ្ញុំខឹងប្រកាន់គាត់ មានន័យថា ខ្ញុំមិនខុសអីពីគាត់ឡើយ។ ដូច្នេះគាត់ធ្វើអ្វីជារឿងគាត់ តែកុំឱ្យតែជ្រុលហួសហេតុពេក»។ ការតប-ត-បកស្រាយរបស់ ថេណា មិនបានធ្វើឱ្យ ម៉ៃ សុគន្ធ ក្ដៅស្លឹកត្រចៀកឡើយ ផ្ទុយទៅវិញ ថ្មីៗចុងក្រោយនេះ លោក ម៉ៃ សុគន្ធ បានចេញសារតបវិញថា «អូ! “ការរិះគន់តារាតាឡាន់” ពិតជាមានឥទ្ធិពលមែន តារាតាឡាន់ សំនៀងបែបអណិកកាក់ជាន់ ទទួលស្គាល់ការពិតហើយ។ អូ!!! ភ្លេចរកឃើញមូលហេតុដែលតាឡាន់ស្ទាយអនិកាក់ជាន់ហើយ បំពង់កតូចពេក អត់សូវមានកីឡា។ បើចេញបទក្រោយកែណា៎ ខ្ញុំចាំមើល..»៕

Advertisement