តារាចម្រៀងស្រី ឈួរ ស្រីរ័ត្ន ប្រកាសពី គណនីហ្វេសប៊ុកនារីម្នាក់គួរប្រុងប្រយ័ត្ន

គេកត់សម្គាល់ឃើញថា តារាចម្រៀងស្រីនៅក្នុងផលិតកម្ម សាស្ត្រា កញ្ញា ឈួរ ស្រីរ័ត្ន មួយរយៈចុងក្រោយនេះមានប្រជាប្រិយភាពខ្លាំង ខណៈដែលនាងបានចេញបទចម្រៀងថ្មីៗជាច្រើនបទ ជាបទអមក្នុងភាពយន្ដភាគប្រចាំស្ថានីយទូរទស្សន៍បាយ័ន។ ទន្ទឹមនឹងការឡើងកូដរបស់តារាស្រីរូបនេះ គេក៏បានមើលឃើញផងដែរថា នាងបានបន្ថែមអាជីពនៅក្រៅពិភពសិល្បៈមួយផ្សេងទៀត គឺការលក់កាបូបដៃមនុស្សស្រីនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមានការគាំទ្រទំនាក់ទំនងទិញពីសំណាក់មហាជនជាច្រើន។

បើទោះបីជារាសីកំពុងតែឡើងស្រឺតៗយ៉ាងណាក៏ដោយ ក៏នាងនៅតែជួបបញ្ហាមួយចំនួនដែលធ្វើឱ្យកើតរឿងឈឺក្បាល រហូតបណ្ដាលឱ្យនាងសម្រេចចិត្តបង្ហោះសារប្រាប់មហាជនអំពីជនដែលឆបោក កុម្ម៉ង់អីវ៉ាន់ហើយមិនព្រមទទួលខុសត្រូវ។ នៅក្នុងនោះ កញ្ញា ឈួរ ស្រីរ័ត្ន បានប្រាប់ថា «អ្នកលក់កាបូបអនឡាញទាំងអស់ សូមប្រយ័ត្នស្រីម្នាក់នេះផង គ្មានលុយ តែដើរកុម្ម៉ង់អីវ៉ាន់គេចោលអ៊ីចឹងហ្មង ដើរកូរគេកូរឯង ឆ្ងល់ថា បើគ្មានលុយកុំកុម្ម៉ង់គេទៅថី? ចរិតអន់ លុយត្រឹម10ដុល្លារសោះចង់ឱ្យគេផូស្តដែរ មុខមាត់ស្អាតបាតដែរតែចរិតចប់ មិនចង់ផូស្តទេ លុយប៉ុណ្ណឹង តែស្រីម្នាក់ហ្នឹងឌឺពេក ឆាតទៅហើយឌឺយើងទៀត កុំខ្លាំងដៃពេកណា៎ប្រាប់ឱ្យហើយ»។

គួរបញ្ជាក់ផងដែរថា នារីដែលតារាស្រីរូបនេះបានបង្ហោះជាសាធារណៈនោះ ត្រូវបានទម្លាយឈ្មោះនៅក្នុងគណនីហ្វេសប៊ុកថា​ មានឈ្មោះ «Ah Lin» បានប្រើពាក្យសម្ដីដោះសាមិនព្រមយកអីវ៉ាន់ឡើយ។ ស្រីរ័ត្ន បានបញ្ជាក់ប្រាប់អំពីការកក់អីវ៉ាន់របស់នារីរូបនោះទៀតថា «អត់ទេ គាត់កុម្ម៉ង់ហើយអត់យក ឱ្យយើងទុកឱ្យគាត់ថ្ងៃនេះថ្ងៃនោះ ទុកឡើងវិលខួរហើយ បើមិនយកប្រាប់១ម៉ាត់មករួច ចាំបាច់ឱ្យទុក»៕

 

Advertisement