ដេននី ក្វាន់ យកពេលទំនេរផ្ទាល់ខ្លួនចូលរួមសកម្មភាពសប្បុរសធម៌ លែងសិចស៊ីដូចមុនហើយ

បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកលែងការពិន័យពាក់ព័ន្ធនឹងការស្លៀកពាក់សិចស៊ីកន្លងមកនោះ កញ្ញា ដេននី ក្វាន់ នៅតែបន្តចែករំលែកនូវក្តីស្រឡាញ់​តាមរយៈសកម្មភាពសប្បុរសធម៌ទៅកាន់ជនក្រីក្រក្នុងព្រះរាជាណាចក្រកម្ពុជាជាប់ជានិច្ច។​ ជាក់ស្ដែងនៅពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលគេមើលឃើញពីសកម្មភាពសប្បុរសធម៌របស់នាង ដោយការពាំនាំយកអំណោយ និងថវិកាបន្ដិចបន្តួចទៅជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងជួបប្រទះការលំបាក។​ ​

បើទោះបីជាតារាស្រីសិចស៊ីរូបនេះត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញហើយក្ដី ក៏គេនៅតែកត់សម្គាល់ឃើញនាងតែងយកពេលទំនេរក្រៅពីការងាររបស់ខ្លួនដោយ​មិ​ន​ប​ង្អ​ង់​យូរមកស​ម្រុ​ក​​​​លើ​ស​ក​ម្ម​ភា​ព​ម​នុ​ស្ស​ធ​ម៌​វិ​ញ​ ​ ឯការស្លៀកពាក់វិញ កាន់តែឆើតឆាយ ​និងសមរម្យយ៉ាងស្រស់សោភា តែមិនបង្ហាញភាពសិចស៊ីដូចមុនទេ។​ កញ្ញា ដេននី ក្វាន់ បានសរសេរសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «ថ្ងៃនេះនាងខ្ញុំបាននាំយកអំណោយមកជូន លោកយាយចំនួន10គ្រួសារ នៅភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…អំពើល្អសូមកុំស្ទាក់ស្ទើរនឹងធ្វើ សូមកុំទាមទារនូវការតបស្នង ហើយក៏មិនចាំបាច់ឱ្យនរណាម្នាក់ដឹងឡើយ ត្រឹមតែធ្វើចេញពីចិត្តដ៏ពិតប្រាកដរបស់យើង គឺវាគ្រប់គ្រាន់ហើយមួយជីវិតនេះ អ្វីដែលរីករាយបំផុតសម្រាប់នាងខ្ញុំ គឺការបានធ្វើអំពើល្អ ជួយគ្នាក្នុងគ្រាក្រ វាជាសេចក្តីសុខរបស់ខ្ញុំ»។

គួរបញ្ជាក់ផងដែរថា ចំពោះសកម្មភាពសប្បុរសធម៌មួយនេះពិតជាធ្វើឱ្យទស្សនិកជន ក៏ដូចជាមិត្តៗនៅលើបណ្ដាញសង្គមជាច្រើនបានកោតសរសើរ ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់នាងយ៉ាងខ្លាំង។ នាងបានប្រាប់អ្នកសារព័ត៌មានថា «ព្រឹកមិញនេះ​នាងខ្ញុំ និងបងប្អូនបានយកអំណោយទៅចែកជូនជនក្រីក្រ ប្រមាណ​ដប់គ្រួសារ ដោយបានចំណាយថវិកាចំនួន 1,000$ អាមេរិក ។ សកម្មភាពសប្បុរសធម៌នេះ នាងខ្ញុំនឹងបន្តជួយជនក្រីក្រនៅតំបន់ផ្សេងៗទៀតនៅលើកក្រោយទៀត»៕​

Advertisement