មិនត្រឹមតែពូកែសម្ដែងនោះទេ កញ្ញា សាឡាត់ ស្រីឡាង ពញ្ញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈទឹកដមសំឡេង

ទោះបី​ជា​តារា​សម្តែង​ស្រី​មាន​រូប​រាង​ស្ល៊ីម ខ្ពស់​ស្រឡះ​ស្រស់​ស្អាត កញ្ញា សាឡាត់ ស្រីឡាង ទើប​តែ​ហក់​ចូល​សិល្បៈបាន 3ឆ្នាំ​ក៏​ពិត​មែន តែ​ទីផ្សារ​ថត​កុន​របស់​នាង​កាន់​តែ​សម្បូរ ដោយ​ឆក់​បាន​ឱកាស​ថតកុន និងរឿង​ភាគ​ជាប់​គ្នាយ៉ាងរដឹក​ ពោលគឺ​ចប់​ពី​ផលិតកម្ម​មួយ ​ចូលផលិតកម្ម​មួយទៀតតែម្ដង។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺតារាស្រីរូបនេះ ខណៈដែលបានចាប់ដៃគូសម្ដែងជាមួយលោក លឹម ជាឡាយ នៅក្នុងរឿងភាគ «គូស្នេហ៍បម្រុង» របស់ស្ថានីយទូរទស្សន៍ CTN នោះ បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ចំពោះរូបនាងខ្លាំងឡើងៗ ជាមួយនឹងកាយវិការម្ញ៉ិកម្ញ៉ក់ដាក់តួប្រុស។ ដូចគ្នានោះដែរ ​​លោក លឹម​​ ជា​ឡាយ នៅពេលបង្ហាញការសម្ដែង​ និងសកម្ម​ភាព​ស្និទ្ធស្នាល​ ដាក់កញ្ញា សាឡាត់​ ស្រី​ឡាង ​​ក៏មានការ​​​ព្រួយ​បារម្ភ​ខ្លាច​អ្នក​គាំ​ទ្រ​​មាន​ការ​អាក់​អន់​ស្រពន់​ចិត្តដែរ​ ​​​ព្រោះ​លោក​ និង​កញ្ញា គៀត​ សុវណ្ណ​ឡាង​ ធ្លាប់​ត្រូវ​បាន​មហាជន​ផ្គូ​ផ្គង​នឹង​គ្នាម្ដងរួចមកហើយ។​​​​​ ​​

តែយ៉ាងណាមិញ ចម្រៀងកាយវិការមួយបទដែលសម្ដែងដោយតារាស្រីកម្ពស់ 170 សង់ទីម៉ែត្ររូបនេះ និងតារាប្រុសខ្ពស់ស្រឡះដូចជា លឹម ជាឡាយ​ ដែលមានចំណងជើងថា «បងស្រឡាញ់ខ្ញុំ បងមានគិតខ្ញុំទេ» ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដែរ ព្រោះមានបង្ហាញពីឈុតឆាកជាច្រើនលាយឡំគ្នានៅក្នុងរឿងភាគកំពុងល្បីខ្លាំងមួយនេះដែរ។ មិនត្រឹមតែមេឡូឌីចម្រៀងប្លែក និងបទភ្លេងសម្រួលតន្ត្រីមានចង្វាក់រណ្ដំគួរឱ្យចង់ស្ដាប់ប៉ុណ្ណោះទេ ជាពិសេស គឺមហាជនចាប់អារម្មណ៍កាន់តែខ្លាំងទៅលើទឹកដមសំឡេងរបស់ កញ្ញា សាឡាត់ ស្រីឡាង តែម្ដង។

ដើម្បីស្រាយចម្ងល់ថា តើកញ្ញា សាឡាត់ ស្រីឡាង មានសំឡេងពីរោះយ៉ាងណានោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement