ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងសកម្មភាពត្បាញក្រមាយ៉ាងភ្ញាក់ផ្អើល

នៅពេលថ្មីនេះ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់យីហោកាបូបប៊្រេនដ៍ ASK គឺកញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា មានភាពរវល់ជាមួយការងារជាច្រើននៅក្នុងពិភពសិល្បៈស្ទើររកពេលសម្រាកគ្មានឡើយ តែទន្ទឹមនឹងភាពមមាញឹកនោះ នាងបានធ្វើឱ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានឆ្លៀតយកពេលរបស់ខ្លួនដើម្បីទៅចូលរួមត្បាញក្រមាប្រវែង1,000ម៉ែត្រ កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 ម្សិលមិញ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ក៏ដូចជានៅក្នុង IG របស់តារាស្រីឆ្នើមរូបនេះ ក៏បានរៀបរាប់ឱ្យដឹងដែរថា «ជឿថា ខ្មែរ​ធ្វើ​បាន…! ខ្ញុំ​បាន​ចូល​រួម​ត្បាញ​ក្រមា​ 1,000 ម៉ែត្រ ទុក​ជា​អនុ​ស្សាវរីយ៍ចុះអ្នកវិញ..? តើបងប្អូនបានចូលរួមហើយឬនៅ?»។ ពិតណាស់ តារាស្រីរូបនេះបានថតរូបជាមួយអ្នកគាំទ្រ និងតារាល្បីៗរួមទ្រនំ ព្រមជាមួយតារាសម្ដែងវ័យក្មេងជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រមាជាវត្ថុចាំបាច់មួយដែលបងប្អូនខ្មែរយើងនិយមប្រើប្រាស់ មិនថាចាស់ មិនថាក្មេង តែងតែស្គាល់ថាក្រមាខ្មែររបស់យើងជាវត្ថុប្រើប្រាស់ដែលមានប្រយោជន៍ច្រើនយ៉ាងណាស់។ ស្របពេលឃើញសកម្មភាពរបស់អាយដលបែប​នេះអ្នកគាំទ្របាននាំគ្នានិយាយថា ឱក សុគន្ធកញ្ញា ពិតជាតារាស្រីមួយរូបគួរឱ្យគោរពស្រឡាញ់មែន មិនថាខ្លួនរវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលដើម្បីចូលរួមការងារសង្គមទៀតដែរ។ កុំភ្លេចណា៎! សូមអញ្ជើញទៅចូលរួមទាំងអស់គ្នា ដើម្បីត្បាញក្រមាស្នាដៃកូនខ្មែររបស់យើងពិតៗ៕

Advertisement