នួន សុធារៈ ដឹកដៃ ចំរើន សុភ័ក្រ ធ្វើសកម្មភាពសប្បុរសធម៌ដ៏ភ្ញាក់ផ្អើល

ទើបត្រឡប់ពីទឹកដីប្រទេសមហាអំណាច មកដល់ទឹកដីសុវណ្ណភូមិវិញភ្លាម តារាចម្រៀងស្រី ចំរើន សុភ័ក្រ ស្រាប់តែបង្ហាញខ្លួនដោយបានដឹកដៃគ្នានឹងតារាចម្រៀងប្រុស នួន សុធារៈ ចូលរួមកម្មវិធីសប្បុរសធម៌ ​ចែក​សម្ភារ​សិក្សា​ផ្សេងៗ​ជូន​ដល់​កុមារៗ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន 500 ទៅ 600 នាក់នៅវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ2 ជិតរង្វង់មូលកួរស្រូវ ចម្ងាយ 7គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ នៅថ្ងៃទី19 ខែមិថុនា ឆ្នាំ2018 ម្សិលមិញនេះ។

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាចម្រៀងប្រុស នួន សុធារៈ ជាអតីតបេក្ខភាពប្រឡងចម្រៀងកម្មវិធី Cambodian Idol រដូវកាលទី2 ដែលមានប្រជាប្រិយភាពទទួលបានសំឡេងសារគាំទ្រច្រើនជាងគេ ជារៀងរាល់សប្ដាហ៍ និង​ស្រាប់តែពេលថ្មីៗនេះ គេមើលឃើញរូបលោកបានចូលរួមធ្វើសកម្មភាពសប្បុរសធម៌មួយចំនួន ដែលគួរឱ្យកោតសរសើរពីទឹកចិត្តរបស់លោកមែនទែន។ ងាកមក កញ្ញា ចំរើន សុ​ភ័​ក្រ វិញ នាងបាន​ដឹក​ដៃ​បងប្អូន​ប្រុស​​ស្រី​របស់ខ្លួន​ចេញទៅ​កើប​ប្រា​ក់នៅ​ទឹកដី​អាមេរិក​អស់រយៈពេល 2ខែកន្លងមកហើយ ហើយ​ពួកគេ​ទើបតែ​ត្រឡប់មកដល់​មាតុប្រទេស​វិញ​កាលពី​ពាក់​កណ្ដាលខែមិថុនា នេះឯង។ គ្រាន់តែមកដល់​ស្រុក​ខ្មែរ​ភ្លាម តារា​ស្រី​រូបនេះស្រាប់តែ​បង្ហាញមុខ​ក្នុង​សកម្មភាពសប្បុរសធម៌ភ្លែត​តែម្ដងដោយមិនខ្វល់ពីថ្ងៃឈប់សម្រាករបស់ខ្លួនឡើយ។

គួរបញ្ជាក់ផងដែរថា ក្រៅពីតារាចម្រៀងទាំង 2ដួងនៅក្នុងទ្រនំរស្មីហង្សមាសនេះហើយ ក្នុង​នោះគេ​ក៏​ឃើញ​វត្តមាន​អ្នកសិល្បៈ​ជាច្រើនរូប​ទៀត​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​មួយ​នេះ ដូចជា តារាចម្រៀង វ៉ាន់ នី​ឡា លោក So Cool  និងតារា​សម្ដែង ដួង ម៉ា​និ​ច ជាដើម។ ទឹកចិត្តចែករំលែកអំពើសប្បុរសធម៌ ​និងក្ដីស្រឡាញ់របស់​អ្នកសិល្បៈ​មួយក្រុម​នេះ កំពុង​ធ្វើឱ្យ​មហាជន​កោតសរសើ​រយ៉ា​ង​ខ្លាំង៕

Advertisement