មកដឹងពីអារម្មណ៍ពិតរបស់ ហេង ពិទូ នៅពេលនិពន្ធបទចម្រៀងថ្មីម្ដងៗ

តាមបទពិសោធគេដឹងថា ទម្រាំតែនិពន្ធបទចម្រៀងថ្មីបានមួយបទ ដែលមានមេឡូឌីខុសប្លែកពីគេ និងមានភាពទាក់ទាញខ្លាំងបំផុតនោះ លុះត្រាតែមានការប្រមូលផ្ដុំអារម្មណ៍និពន្ធឱ្យស្ថិតនៅក្នុងពិភពថ្មីមួយដែលដាច់ដោយឡែកពីគេ និងគួបផ្សំជាមួយទេពកោសល្យនៃភាពច្នៃប្រឌិតខ្ពស់ ទើបអាចសម្រិតសម្រាំងបានស្នាដៃដែលប្លែកថ្មីសន្លាងបាន។ ដូចគ្នានោះដែរ លោក ហេង ពិទូ គឺជាតារាចម្រៀងដែលនិយមនិពន្ធបទចម្រៀងថ្មី និងមានមេឡូឌីដែលទាក់ទាញអារម្មណ៍មិត្តយុវវ័យ។ ទម្រាំនឹងទទួលបានការគាំទ្រលើបទចម្រៀងមួយបទៗ លោកនិយាយថា វាពិតជាពិបាក និងត្រូវចំណាយពេលច្រើនគួរសម។

កន្លងមកលោក ពិទូ ធ្លាប់បានទម្លាយអារម្មណ៍ពិតថា​ ក្ដី​រំពឹង​ថា​នឹង​បាន​ទស្សនិកជន​ទទួល​ស្គាល់​បទ​ចម្រៀង​ខ្លួន​មានមិនច្រើន តែប៉ះ​ចំ​ពេល​ដែល​យុវវ័យ​ផ្ទុះ​ខ្លាំង​​ពាក់​ព័ន្ធ​នឹង​ស្នាដៃ​បទ​និពន្ធ​ថ្មីៗ គួប​ផ្សំ​នឹង​គោល​ដៅ​ដែល​ខ្លួន​ធ្លាប់​បាន​ស្រមៃ​ថា​ ​​មុន​នឹង​ស្លាប់​ទៅ ត្រូវ​មាន​បទរបស់​ខ្លួន​ឯង និង​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ។ ជុំ​វិញ​ការ​ខំប្រឹង​ប្រែង​ទាំង​អស់​នេះ ក៏​ដោយសារ​តែមានការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូនយើង​ខ្លាំង​បំផុតហ្នឹងឯង​ កាល​ណា​ទស្សនិកជន​សរសើរ​ថា​ បទ​របស់លោក​ពីរោះ និង​មាន​ខ្លឹមសារ​ទាក់​ទាញ នោះនឹងធ្វើឱ្យលោក​កាន់​តែ​មាន​ទឹក​ចិត្តចង់​ធ្វើ​អ្វី​ដែល​ថ្មីៗ សម្រាប់​ជា​ការតប​ស្នង​ដល់​អ្នកទាំងនោះវិញ។

នៅពេលថ្មីៗនេះ លោក ហេង ពិទូ កំពុងតែត្រៀមនិពន្ធបទចម្រៀងថ្មីៗរបស់លោកជាបន្ដបន្ទាប់ទៀត តែអ្វីដែលលោកអាចប្រាប់មហាជនបាននៅពេលនេះគឺ «ដល់ពេលត្រូវចេញបទថ្មី ខួរក្បាលត្រៀមក្រញាញ់ទៀតហើយ» នេះបញ្ជាក់ថា មិនមែនជារឿងធម្មតា និងមិនងាយស្រួលនេះឡើយ!៕

Advertisement