ម្ចាស់​បទ «អូន​ទៅ​ភ្នំពេញ» បង្ហោះ​បទ​ចម្រៀង​ថ្មី​ភ្លាម មាន​អ្នកគាំទ្រ​យ៉ាង​សន្ធឹក

ដូចដែល​ប្រិយមិត្ត​គ្រប់គ្នា​បាន​ជ្រាប​ហើយ​ថា តារាចម្រៀង​លោក មួន ម៉ា​រ៉ា អតីត​កំពូល​តារាចម្រៀង បែប​មនោសញ្ចេតនា ដែល​ទទួលបាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង កាលពី​អំឡុង​ជាង10 ឆ្នាំមុន បន្ទាប់មក​លោក​ក៏បាន​បាត់​មុខ​ពី​វិស័យ​ចម្រៀង​ស្ទើរតែ​ទាំងស្រុង ក្រោយពី​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនស្រី​អ្នកជំនួញ​ម្នាក់​នៅឯ​ខេត្ត​ព្រះសីហនុ តែបើ​ទោះជា​លោក​បាន​បាត់​មុខ​ពី​វិស័យ​ចម្រៀង​ក៏ពិតមែន ប៉ុន្តែ​លោក​មិនបាន​ទៅណា​ឆ្ងាយ​ពី​ការងារ​សិល្បៈ​ឡើយ ដោយ​បច្ចុប្បន្ននេះ​លោក​ក៏​ជា​អ្នកដឹកនាំ​សម្ដែង​ម្នាក់​ក្នុង​ផលិតកម្ម​ហង្ស​មាស​ផងដែរ។

ហើយ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ​គឺ នៅពេលថ្មីៗនេះ អតីត​កំពូល​តារាចម្រៀង​រូបនេះ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​សាជាថ្មី​ម្ដងទៀត តាមរយៈ​ការនិពន្ធ​បទ​ភ្លេង​ថ្មី មាន​ចំណងជើង​ថា «លើក​ទូរស័ព្ទ​ទៅ​អូន» ជា​បទ​ថ្មី​សន្លាង​មួយ បែប​មនោសញ្ចេតនា​ជ្រាលជ្រៅ ស្ដាប់​ហើយ​ធានាថា​ប្លែក​អារម្មណ៍​មួយបែប​ទៀត។ ស្របពេល​បង្ហាញ​មុខមាត់​ជាថ្មី​នេះ លោក ម៉ា​រ៉ា បាន​បញ្ជាក់ដែរថា «បទ​ដែលមាន​ចំណងជើង​ថា (លើក​ទូរស័ព្ទ​ទៅ​អូន) របស់ខ្ញុំ​នឹង​ចេញ​ជូន​បងប្អូន​ស្តាប់​នៅ​ចុង​សប្តាហ៍​នេះហើយ! សូមជួយ​គាំទ្រ និង​ចែកចាយ​បន្ត​ដល់​អ្នកគាំទ្រ​សំឡេង​របស់ខ្ញុំ​ក្នុងពេលឆាប់ៗនេះ​ផង។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន និង​អ្នក​ដែល​បាន​ចូលរួម​ឧបត្ថម្ភ សម្រាប់​ចម្រៀង​យុវវ័យ​មួយ​បទ​នេះ ហើយ​ខ្ញុំ​នឹង​ផលិត​ជា​ចម្រៀង​វីដេអូ​កាយវិការ​ក្នុងពេលឆាប់ៗខាងមុខនេះ​ផងដែរ »។

ស្របពេល​ងាក​មក​ការងារ​សិល្បៈ​វិញ តារាចម្រៀង មួន ម៉ា​រ៉ា ក៏​ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​បន្ថែម​ដែរ​ថា លោក​ក៏មាន​បទ​ចម្រៀង​ថ្មី ចំនួន3-4បទ ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ចម្រៀង​ដែរ ដោយ​ត្រៀម​បង្ហាញ​ឱ្យ​ទស្សនិកជន​បានឃើញ និង​ទស្សនា តាមរយៈ​កញ្ចក់​ទូរទស្សន៍​នៅពេលឆាប់ៗខាងមុខនេះ ហើយក៏​ជាស​ញ្ញា​មួយ​បញ្ជាក់ថា លោក​បាន​ដើរចូល​មកកាន់​សង្វៀន​សិល្បៈ​វិញ​ដោយ​ពាំ​នាំនូវ​អ្វីដែល​ថ្មី និង​ប្លែក​អារម្មណ៍​បំផុត​វិញ​ហើយ៕

Advertisement