ព័ត៌មានអាប់ដេត…ប៉ុន្មាននាទីមុននេះអ្នកស្លាប់នៅជប៉ុនកើនឡើងដល់ 195នាក់ហើយ

តាមរយៈសារព័ត៌មាន ABC របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមអាជ្ញាធរបានបញ្ជាក់ពីចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង ដែលបានវាយប្រហារមកលើតំបន់ភាគខាងលិចនៃប្រទេសជប៉ុន នៅក្នុងវេលានេះបានកើនឡើងដល់ 195នាក់ហើយ ដោយសារគ្រោះបាក់ដី និងគ្រោះទឹកជំនន់។

យ៉ាងណាក្ដី គេមើលឃើញថា កម្លាំងទឹកភ្លៀងដ៏ឃោរឃៅដែលបានវាយប្រហារលើភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃនេះ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ រយៈពេល 3ថ្ងៃនេះនឹងពេញប្រៀបក្នុងកម្រិត 583មីលី្លម៉ែត្រ។

គួររំឭកផងដែរថា កាលពីថ្ងៃពុធ ម្សិលមិញនេះ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញទៅពិនិត្យតំបន់រងគ្រោះដោយផ្ទាល់នៅដែនកោះនៃខេត្ត Okayama ដែលបានរងការវាយប្រហារ និងបានពិនិត្យមើលពីការជម្លៀសពលរដ្ឋចេញពីកន្លែងរងគ្រោះដោយសារទឹកជំនន់ និងគ្រោះបាក់ដីនៅ Kurashiki និងTakahashi។

គេបានដឹងថា មុនហេតុការណ៍គ្រោះទឹកជំនន់វាយប្រហារមកលើតំបន់ភាគខាងលិចប្រទេសជប៉ុននេះ ក្រុមអាជ្ញាធរបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា 2លាននាក់ ដើម្បីបញ្ចៀសពីមហន្តរាយធម្មជាតិដ៏គ្រោះថ្នាក់នេះតាំងពីដើមសប្តាហ៍។ អ្វីដែលគេបានដឹងច្បាស់នោះគឺ លោកនាយករដ្ឋមន្ត្រីជប៉ុន បានលុបចោលដំណើរបំពេញទស្សនកិច្ច និងដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមួយចំនួននៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ដោយ​សារតែស្ថានភាពនៅក្នុងប្រទេសជួបនឹងបញ្ហាធំដោយសារគ្រោះធម្មជាតិធ្ងន់ធ្ងរកើតឡើងនេះ៕

Advertisement