គ្រូ អេក ប្រាប់មូលហេតុពិត ដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលរូងភ្នំថាំលួង

តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមកីឡាករជ្រូកព្រៃ អាខាដេមី ទាំង 13នាក់ បានបង្ហាញវត្តមាន និងផ្ដល់បទសម្ភាសជាលើកដំបូងបន្ទាប់ពីបានចេញពីរូងភ្នំថាំលួង តាមរយៈកញ្ចក់ទូរទស្សន៍ថៃនាវេលាម៉ោង 6ល្ងាចថ្ងៃម្សិលមិញនេះ ដែលមានការចូលរួមពីសំណាក់ អាណាព្យាបាល អង្គភាពស៊ីល គ្រូពេទ្យមន្ទីរពេទ្យខេត្តឈៀងរ៉ាយ និងអ្នកសារព័ត៌មានថៃ និងអន្ដរជាតិជាច្រើនរូប។

នៅក្នុងនោះដែរ លោកគ្រូបង្វឹក អេក បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានពីមូលហេតុនៃការធ្វើដំណើរចូលទៅក្នុងរូងភ្នំថាំលួងថា មុនពេលនោះបន្ដិច ពួកយើងបានពិភាក្សាគ្នានៅក្នុងក្រុមរបស់យើងបន្ទាប់ពីបេសកកម្មធាក់កង់នៅបរិវេណជើងភ្នំរួចហើយថា នឹងចូលទៅលេងក្នុងរូងភ្នំថាំលួងជាមួយគ្នាជាលក្ខណៈផ្ទាល់ខ្លួន។ គ្រូបង្វឹកធ្លាប់ចូលទៅរួចមកហើយជាមួយប្អូនៗខ្លះនៅក្នុងក្រុម។ បន្ទាប់ពីបានបញ្ចប់ការប្រកួតបាល់ ពួកយើងក៏នាំគ្នាធ្វើដំណើរចូលទៅក្នុងរូងភ្នំភ្លាមៗតែម្ដង ដោយបានបញ្ជាក់ប្រាប់គ្រប់គ្នាទុកជាមុនថា នឹងត្រូវចេញពីរូងភ្នំមកវិញនៅវេលាម៉ោង 17គត់(5ល្ងាច)។ ដោយសារតែត្រូវជូនប្អូន តៃតាន់ ទៅរៀនកួរឱ្យទាន់ពេលវេលាវិញ។

គ្រូបង្វឹកបាននិយាយពីអំឡុងពេលជាប់នៅក្នុងរូងភ្នំថា នៅពេលដើរត្រឡប់មកវិញ ក៏ប្រទះឃើញទឹកជន់ចូលមកបិទច្រកចេញ-ចូលយ៉ាងជ្រៅ ពេលនោះគ្រប់គ្នាបានព្យាយាមផ្ដល់កម្លាំងចិត្តគ្នាទៅវិញទៅមក និងព្យាយាមតាំងស្មារតី និងសតិអារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់មកក៏ព្យាយាមកាយខ្សាច់ជាចង្អូរដើម្បីឱ្យទឹកស្រកចេញ ក៏ប៉ុន្ដែទឹកមិនស្រកចុះសោះ ទើបពួកយើងនាំគ្នាស្វែងរកកន្លែងសម្រាក ដោយរំពឹងថា ថ្ងៃស្អែកទឹកនឹងស្រកអស់ទៅវិញ។ សូមបញ្ជាក់ថា គ្រប់គ្នាសុទ្ធតែអាចហែលទឹកបានទាំងអស់គ្នា គ្រាន់តែមានអ្នកខ្លះមិនសូវចំណាប់ប៉ុណ្ណោះ។

ចំពោះយុទ្ធសាស្ត្ររំលែកសមាជិកក្រុមជ្រូកព្រៃ ដើម្បីជម្លៀសចេញពីរូងភ្នំមកក្រៅនោះ គ្រូបង្វឹកបានប្រាប់ថា លោកបានពិភាក្សាជាមួយអង្គភាពស៊ីល និងលោកគ្រូពេទ្យ ដោយបានសង្កេតមើលថា គ្រប់គ្នាមានសុខភាពរាងកាយ និងផ្លូវចិត្តល្អ ទើបជ្រើសរើសឱ្យអ្នកដែលមានផ្ទះនៅឆ្ងាយ បានចេញមកមុន និងតាមការស្ម័គ្រចិត្តរបស់ប្អូនៗខ្លួនឯងផង។ គួរបញ្ជាក់ដែរថា គ្រូបង្វឹក និងក្មេងៗក្រុមជ្រូកព្រៃ បានសម្ដែងអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះវីរភាពនៃការលះបង់ក្នុងការជួយសង្គ្រោះពួកគេរបស់លោក សាម៉ាន គុណាន់  ឬឈ្មោះហៅក្រៅ ចា សែម ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានអាយុ 38 ឆ្នាំផងដែរ។ បន្ទាប់បានចាកចេញពីមន្ទីរពេទ្យ អ្នកទាំង 13នាក់ នឹងទៅគោរពវិញ្ញាណក្ខន្ធលោក សាម៉ាន គុណាន់ ដោយការដឹងគុណ និងអាល័យគ្រាចុងក្រោយ៕

Advertisement