ឌីជេ ហេរ៉ូ អ្នកតំណាងឱ្យម្ចាស់បុរី RN VIP ពាំនាំអំណោយសប្បុរធម៌និងទឹកប្រាក់ចំនួន 1 ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

នៅរសៀលថ្ងៃទី19 ខែកក្កដ ឆ្នាំ 2018 នេះពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍លោក ឌីជេ ហេរ៉ូ ដែលជាអ្នកតំណាងម្ចាស់បុរី RN VIP បានដឹកនាំក្រុមការងារ ពាំនាំអំណោចសប្បុរសធម៌យ៉ាងច្រើនដូចជា ម៉ាស៊ីបន្សុទ្ធទឹក កែវទឹកដែលអាចរក្សាកំដៅ និងប្រគល់ទឹកប្រាក់ចំនួន 1 ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងពិធីនោះ លោកក៏បានគៀរគរតារាសិល្បៈមួយចំនួនរួមកញ្ញា ឌួង ហ្សូរីដា និងកញ្ញា ឌួង ហ្សូរីម៉ា ឱ្យមកចូលរួមផងដែរ ដើម្បីរួមគ្នាចែករំលែកអំពើល្អ។

លោកឌីជេ ហេរ៉ូ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ក្រោយពីបានបំពាក់ម៉ាស៊ីបន្សុទ្ធទឹកចំនួន6គ្រឿងជូនដល់មន្ទីរពេទ្យ លោក និងក្រុមការងាររបស់បុរី RN VIP ជាច្រើនរូប ក៏ត្រូវជំនួសមុខឱ្យលោក វ៉ន វណ្ណៈ ម្ចាស់បុរី ហើយបានធ្វើពិធីប្រគល់ម៉ាស៊ីទាំងនោះជូនមន្ទីរពេទ្យ ដោយក្នុងពិធីនោះ ក៏មានការប្រគល់ទឹកប្រាក់ចំនួន20លានរៀល និងមានការចែកកែវទឹកដែលអាចរក្សាកំដៅ និងភាពត្រជាក់បាន ប្រមាណជា200កែវផង ជូនដល់គ្រួសារអ្នកជំងឺ និងអ្នកជំងឺ។ លោកថាការប្រគល់ថវិកា និងឧបករណ៍បន្សុទ្ធទឹកជូនដល់មន្ទីរពេទ្យនេះ គឺតបតាមការស្នើសុំរបស់មន្ទីរពេទ្យ ក្នុងពេលដែលខាងមន្ទីរពេទ្យ បានឱ្យម្ចាស់បុរី RN VIP លោក វ៉ន វណ្ណៈ ជាជួយបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតឱ្យអ្នកជំងឺ និងក្រុមគ្រូពេទ្យបានទទួលទាន ដើម្បីជាការកាត់បន្ថយការចំណាយលើទឹកសុទ្ធ ដើម្បីឱ្យបុគ្គលិក និងអ្នកជំងឺមានទឹកស្អាតទទួលទាន។

ជាមួយគ្នានោះដែរ លោក ហេរ៉ូ  ប្រាប់បន្ដថា ម៉ាស៊ីបន្សុទ្ធទឹកនោះ មិនត្រឹមតែបំលែងទឹកម៉ាស៊ីពីក្បាលរ៉ូម៉ានេ ឱ្យក្លាយជាទឹកបរិសុទ្ធគ្មានមេរោគប៉ុណ្ណោះទេ ប៉ុន្តែទឹកនោះក៏មានគុណប្រយោជន៍សម្រាប់ឆុងទឹកដោះគោបានយ៉ាងដូចទឹកឆ្អិនផងដែរ ដែលលោកបានហៅគ្រឿងម៉ាស៊ីន ឬឧបករណ៍ចម្រោះទឹកស្អាតដែលបានបំពាក់នោះថា ជាការបំពេញតម្រូវការយ៉ាងប្រសើរដល់អ្នកជំងឺ ក្នុងការកាត់បន្ថយជំងឺពីការទទួលទានទឹកមិនស្អាត និងពីការចំណាយលុយលើការទិញទឹក។ លោកថា កាលពីលើកទឹក1 បងធម៌របស់លោកដែលជាម្ចាស់បុរី បានបរិច្ចាគថវិកាប្រមាណ5លានជួយដល់មន្ទីរពេទ្យម្ដងហើយ ហើយមកពីបងធម៌ខ្លួនមើលឃើញពីកង្វះខាតដែលមានការចាំបាច់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទើបសម្រេចបំពាក់ទាំងម៉ាស៊ីនទឹកស្អាតឱ្យ និងបន្ថែមទាំងប្រាក់20លានរៀលទៀត ដោយមិនរាប់បញ្ចូលការចុះចែកលើកែវទឹកអនាម័យជាច្រើនរយកែវ ជូនដល់គ្រួសារអ្នកជំងឺ។

លោកបានបញ្ជាក់ផងដែរថា លោកមានអារម្មណ៍សប្បាយចិត្តណាស់ ដែលម្ចាស់ជំនួញធំៗច្រើនឡើង កាន់តែងាកមករួមចំណែកជួយសង្គម ជាពិសេសគឺជួយបរិច្ចាគនូវផលចំណេញ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា៕

Advertisement