តារាសម្ដែងវ័យក្មេង រុន ណាកូ និង សេម ម៉ាកូ ក្ដោបឱកាសបង្ហាញម៉ូដសម្លៀកបំពាក់ប៊្រេនដ៍ល្បី

ទើបតែទទួលបានពានរង្វាន់បង្ហាញម៉ូដសម្លៀកបំពាក់ឈុតបុរាណខ្មែរមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះសារព័ត៌មានឡារ៉ែនបានទទួលដំណឹងមកថា តារាសម្ដែងវ័យក្មេងដ៏ស្រស់សង្ហាពីរដួងគឺ លោក រុន ណាកូ និងលោក សេម ម៉ាកូ បានក្ដោបយកឱកាសបង្ហាញម៉ូដឱ្យសម្លៀកបំពាក់ មួក និងកាបូបប្រ៊េនដ៍ល្បី និងពេញនិយមនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានឈ្មោះ «High Cultured» ដែលឱកាសនេះនឹងកាន់តែធ្វើឱ្យពួកគេទាំង2 មានប្រជាប្រិយភាព និងបោះជំហានចូលទៅក្លាយជាតារាបង្ហាញម៉ូដលំដាប់ប៊្រេនដ៍អន្ដរជាតិ។   

លោក រុន ណាកូ ដែលត្រូវគេស្គាល់ថាជាម្ចាស់ពានដែលគ្រងឈុតបុរាណប្រចាំឆ្នាំលេចធ្លោប្រចាំឆ្នាំ2018 ក្រោមការប្រកួតរបស់ «គ្រួសារតារាកម្ពុជា» កាលពីពេលថ្មីៗកន្លងទៅ បានថ្លែងប្រាប់ថា ឈុតដែលលោកបានបង្ហាញ គឺជារៀបចំរបស់ម្ចាស់ហាង មីស្ទ័រ មែន បន្ទាប់ពីលោកត្រូវបានទាក់ទងឱ្យថតផ្សាយឈុតខោអាវ កាបូប និងមួកម៉ាក «High Cultured» ដែលនាំចូលផ្ដាច់មុខដោយហាងលក់សម្លៀកបំពាក់ល្បីឈ្មោះមួយនេះ។ លោកថា កន្លងមកលោកធ្លាប់ថតម៉ូដ និងថតសម្អាងការ  ប៉ុន្តែមិនធ្លាប់លេងខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ម៉ាកប្រ៊េនដ៍ៗបែបនេះទេ ទើបលោកចាត់ទុកថា ការបង្ហាញខ្លួនក្នុងឈុតកាលីបបែបយុវវ័យបែបនេះ ក៏ហ៊ឺហារម្យ៉ាងដែរសម្រាប់ការងារបង្ហាញម៉ូដ។

ចំពោះលោក សេម ម៉ាកូ វិញបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា  លោកគឺជាតារាចម្រៀងទេ ប៉ុន្តែដោយសារតែមានការស្នើឱ្យលោកថតផ្សាយឈុតសម្លៀកបំពាក់ម៉ាកល្បីរបស់ហាង មីស្ទ័រមែន ទើបលោកសម្រេចចិត្តទទួលថត ដែលនេះក៏ជាការងារថតម៉ូដលើកដំបូងដែលលោកបានទទួល និងបានថតរួមជាមួយតារាសម្ដែងលោក រុន ណាកូ ដែរ។ យ៉ាងណាក៏ដោយ លោកថា លោកមិនសូវមានអារម្មណ៍ថាខ្លួនឯងចំណាននឹងការងារបែបនេះទេ ដោយសារតែលោកប្រឡូកការងារសិល្បៈក្នុងអាជីពច្រៀង និងសម្ដែងច្រើនជាង៕

 

Advertisement