អីយ៉ា!! ហេង ពិទូ ដ្រាម៉ារឿងមិត្តភ័ក្ដិ 7ឆ្នាំបែកយូរ ជួបគ្នាស្រាប់តែ…

ដូចដែលប្រិយមិត្តគ្រប់គ្នាបានដឹងហើយអំពីតារាចម្រៀងល្បីឈ្មោះលោក ហេង ពិទូ គឺជាតារាចម្រៀងមួយរូបដែលមានសមត្ថភាពខ្ពស់ក្នុងការនិពន្ធ និងផលិតបទចម្រៀងជាស្នាដៃកូនខ្មែរ ដែលមានមេឡូឌីពីរោះៗ និងចាក់ដោតអារម្មណ៍របស់យុវវ័យ ហើយបច្ចុប្បន្ននេះលោកក៏ទទួលបានការគាំទ្រជាខ្លាំងចំពោះការបង្ហាញបទពិសោធ និងគន្លឹះនិពន្ធបទចម្រៀងថ្មី តាមរយៈការធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រកួតចម្រៀង The Melody។

តែដោយឡែក នៅពេលថ្មីៗនេះ លោក ហេង ពិទូ ស្រាប់តែបង្ហាញពីអារម្មណ៍ដ្រាម៉ានៅលើហ្វេសប៊ុករបស់ខ្លួនដែលស្ដែងឱ្យដឹងពីមិត្តភ័ក្តិរបស់លោកដែលបានបែកគ្នាអស់រយៈពេល 7ឆ្នាំហើយ និងក្រោយមកបានជួបគ្នាដោយចៃដន្យម្តងទៀត ស្រាប់តែមិត្តភ័ក្តិម្នាក់នេះបានបោះពាក្យសម្តីមិនពីរោះស្តាប់មកកាន់លោក  រហូតលោកមិនអាចទប់បាន ក៏សរសេររៀបរាប់ដ្រាម៉ាប្រាប់មហាជ​នអ្នកគាំទ្ររបស់លោកជាសំណេរបែបសន្ទនាថា:

ពួកម៉ាកខ្ញុំ៖ អីហា ច្រៀងចង់ងាប់ទៅវិញហើយអត់សល់អីសោះហា

ខ្ញុំ៖ ចុះឱ្យធ្វើម៉េចបើអត់

ពួកម៉ាកខ្ញុំ៖ អីហា អញមកនៅភ្នំពេញរកស៊ីមិនដល់​ 3ឆ្នាំផង សល់លុយដូរឡាន ឥឡូវជិតបង់រំលស់ផ្ទះទៀតហើយ

ខ្ញុំ៖ គ្នាគ្រាន់តែមិនបានជួលផ្ទះគេប៉ុណ្ណឹង មិនពិបាកត្រូវដល់ថ្ងៃបង់ភ័យ

ពួកម៉ាក់ខ្ញុំ៖ អើគ្នាឥឡូវជិះ Hybrid 07 ពួកម៉ាកឯងមានការអីចាំខលមកគ្នាមក ឥឡូវឯងរកចេញទៅមើលផ្ទះមួយ ហើយចង់ដូរឡានយក GS300 វិញ

ខ្ញុំ៖ អរគុណណាស់ពួកម៉ាក។

រឿងពិត មិត្តភ័ក្តិបែកគ្នា 7ឆ្នាំ ជួបគ្នាកន្លែងញ៉ាំអី អួតជារឿងធម្មតារបស់មនុស្ស តែបើអួតជ្រុលពេកវាក្លាយទៅជា អួតពិសេសៗ បានន័យថា ថែមពងទាសាច់ឌុប។ ហាហា DJ សូមបទ បែកគ្នាយូរហើយ ឯងនៅតែមិនផ្លាស់ប្តូរ»។

ពិតជាចម្លែកចិត្តគួរឱ្យកត់សម្គាល់មែន ព្រោះតារាចម្រៀងប្រុសរូបនេះ មិនដែលបង្ហាញអារម្មណ៍ដ្រាម៉ានៅលើហ្វេសប៊ុករបស់ខ្លួនបែបនេះឡើយ ភាគច្រើនលោកតែងតែបង្ហោះអំពីសកម្មភាពការងារ និងការនិពន្ធបទចម្រៀងតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែ យ៉ាងណាមិញលោក ហេង ពិទូ ក៏ត្រៀមបង្ហាញស្នាដៃបទថ្មី ដែលជាបទចម្រៀងកូនខ្មែរ នាពេលខាងមុខឆាប់ៗនេះដែរ។ សូមកុំភ្លេចរង់ចាំគាំទ្រស្នាដៃបទចម្រៀងកូនខ្មែរមួយរូបនេះជាបន្ដទៀត៕

Advertisement