ហង្ស អច្ឆរិយា ត្រៀមក្ដោបភាពល្បីល្បាញតាមរយៈរឿងភាគបុរាណខ្មែរថ្មីមួយ

នៅពេលថ្មីៗនេះ តារាសម្ដែងលោក ហង្ស អច្ឆរិយា ទទួលបានការងារក្នុងស្រុកច្រើនជាងមុន​ និងកន្លងមកមានទាំងការសម្ដែងរឿងនៅក្នុងប្រទេសថៃទៀតផង ដែលសកម្មភាពសិល្ប:ទាំងអស់របស់លោកកំពុងដុតកម្តៅមហាជនឱ្យចាប់អារម្មណ៍ពីទេពកោសល្យដ៏ប៉ិនប្រសប់ និងការបង្ហាញសិល្បៈថតរូបអាក្រាតកាយរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបអាក្រាតរបស់លោកនោះត្រូវបានគេសង្កេតឃើញថា បានកន្រ្តាក់អារម្មណ៍មហាជន(ពិសេសនារីៗ)ពេញបណ្ដាញហ្វេសប៊ុក និងទទួលបានការសរសើរថា លោកជាតារាចិត្តសឿង ហ៊ានថតរូបភាពអាក្រាតកាយខុសពីតារាភាគច្រើន។

តារាសិចស៊ីប្រុសរូបនេះ ធ្លាប់បានប្រាប់ថា ដោយសារតែលោកធ្លាប់ថតភាពយន្តស្រឡាញ់ភេទដូចគ្នាជាមួយផលិតករបរទេស ហើយលោកក៏ធ្លាប់ថតស្រាតដាក់ផ្សាយនៅលើទស្សនាវដ្ដីបរទេសផងដែរ ដូច្នេះហើយទើបលោកនៅតែជាប់ឈ្មោះថាជាតារាស៊ិចស៊ី រហូតដល់មានអ្នកខ្លះរើសអើងថា លោកជាតារាដែលប្ដូររូបកាយ ដើម្បីល្បីឈ្មោះ ហើយមិនសូវផ្ដល់នូវភាពជិតស្និទ្ធជាមួយ។ យ៉ាងណាមិញ គេកត់សម្គាល់ឃើញថា ការងារសិល្ប:របស់ ហង្ស អច្ឆរិយា មានការរីកចម្រើនជាងមុនច្រើន ដោយទទួលបានការសម្ដែងក្នុងរឿងធំៗជាហូរហែមិនចេះដាច់ បើទោះជាក្នុងពេលនេះលោកមិនទាន់មានឱកាសបានសម្ដែងតួឯកនៅឡើយក្ដី។

មុននេះបន្ដិចលោកបានប្រាប់សារព័ត៌មាន ឡារ៉ែនថា លោកបានទទួលការសម្ដែងភាពយន្ដភាគថ្មីមួយទៀតរបស់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានចំណងជើងថា «គ្រូខ្មែរ​» ដែលជាវណ្ណកម្មថ្មី ត្រូវឱ្យលោកសម្ដែងជាគ្រូមន្ដអាគមអូមអាម បញ្ចេញមន្ដវិជ្ជាការតស៊ូជាមួយពពួកព្រាយ ធ្មប់ និងបិសាច។ លោកថា កាន់តែថ្មីសន្លាងសម្រាប់រូបលោកទៀតហើយ ដែលត្រូវសម្ដែងជាតួគ្រូមន្តអាគមបែបនេះ ព្រោះកន្លងមកលោកមិនធ្លាប់សម្ដែងតួបែបហ្នឹងទាល់តែសោះ តែលោកមានការតាំងចិត្តចំពោះរឿងនេះខ្លាំង។ លោកបន្ដថា រឿងនេះជារឿងដែលបានលើកតម្កើងពីវប្បធម៌ខ្មែរយ៉ាងខ្លាំង រួមមានការសម្ដែងរបាំអប្សរា មានការប្រើប្រាស់មន្ដវិជ្ជាខ្មែរបុរាណ និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ ដែលពិភពលោកកំពុងចាប់អារម្មណ៍។ លោករំពឹងខ្ពស់ថា មហាជននឹងគាំទ្រស្នាដៃសម្ដែងរបស់លោក ហើយកាន់តែប្លែកអារម្មណ៍តាមរយៈរឿងភាគល្អឯកមួយនេះ៕

គួរបញ្ជាក់ផងដែរថា ក្រៅពីការសម្ដែងក្នុងរឿងភាគធំៗហើយនោះ លោកក៏ទទួលបានជោគជ័យក្នុងការងារដើរម៉ូដ និងសម្ដែងរឿងផ្សេងទៀតស្ទើរតែរកពេលទំនេរមិនបាន ជាពិសេសសម្រាប់ការដើរម៉ូដជាទម្រង់ដោះអាវ លែងខ្លួនមួយកំណាត់លើបញ្ចេញសាច់ដុំធំៗ ដែលតារាប្រុសៗមួយចំនួនមិនហ៊ានទទួល៕

Advertisement