សាន ផានិត ៖ «ម៉ៃ សុគន្ធ អើយ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»

នៅថ្ងៃម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល លោក ខេមរៈ សិរីមន្ត បានបង្ហោះសារចាត់វិធានការក្ដៅចំពោះ លោក ម៉ៃ សុគន្ធ ដោយលោកប្រកាសថាបានរៀបចំសំណុំបែបបទរួចអស់ហើយ​ដើម្បីប្តឹង លោក ម៉ៃ សុគន្ធ ដែលតែងតែតាមដាន តាមចាប់កំហុស និងធ្វើការរិះគន់រូបលោក។ តែយ៉ាងណាមិញ លោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិតបទៅលោក ខេមរៈ សិរីមន្ត វិញថា “ស្វាគមន៍ជានិច្ច”  ដែលសបញ្ជាក់ឱ្យដឹងថា លោកពិតមិនខ្លាចការប្តឹងរបស់ លោក ខេមរៈ សិរីមន្ត ឡើយ។

ក្រោយបញ្ចេញព័ត៌មានយ៉ាងគគ្រឹកគគ្រេងពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក រឿងរ៉ាវនេះបានបន្ដដឹងឮដល់តារាចម្រៀង សាន ផានិត ដែលបានបង្ហោះសារសុំឱ្យមានការបញ្ចប់ និងព្យាយាមកុំឱ្យវាយប្រហារគ្នា ព្រមទាំងសំណូមពរដល់លោក ម៉ៃ សុគន្ធ ថា «ឈប់បានឈប់ទៅ អារឿងការងារ វិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ម្ចាស់បទ «ជាប់រវល់» រូបនេះបានសរសេររៀបរាប់ថា «ព្យាយាមកុំវាយប្រហារគ្នា គប្បីព្យាយាមគេចចេញពីចំណុចអវិជ្ជមាន ដែលយើងគិតពីរឿងគេហ្នឹង ដោយខ្លួនឯង ជួនកាលយើងវិភាគថា គេភ្លាវ តែវាឆ្ងាញ់សម្រាប់គេដែរ។ សំខាន់ដាច់ខាត កុំរវល់ពីរឿងគេតែម្តងទៅ វាអត់ចំណេញ ហើយបើយើងជាអ្នកខ្លាំងជាងគេស្រាប់ហ្នឹងធ្វើរឿងសមនឹងសមត្ថភាពយើងមែន យើងក៏មិនចាំបាច់ទៅតដៃជាមួយអ្នកដែលទន់ខ្យោយជាងយើងតែម្តងទៅ ព្រោះយើងខ្លាំងជាងស្រាប់ហើយហ្នឹង»។ លោក សាន ផានិត បានបន្ថែមទៀតថា «សំណូមពរក្នុងនាមជារៀមច្បងម្នាក់ ម៉ៃ សុគន្ធ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង។ ខេមរៈ សិរីមន្ត មិនបាច់ប្តឹងទេប្អូន កុំខ្វល់ ជីវិតប្អូនមានគ្រប់យ៉ាងស្រាប់ហើយ»។

គួរបញ្ជាក់ថា លោក សាន ផានិត ជាតារាចម្រៀងម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនដំបូងតាមរយៈបទចម្រៀង «ទូរស័ព្ទប្រាប់ផង»  ដែលរាល់បទចម្រៀងរបស់លោក សុទ្ធតែទទួលបានការគាំទ្រ គួរឱ្យកត់សម្គាល់ តែមួយរយៈក្រោយមកក៏ស្ងាត់ចេញបទចម្រៀងទៅវិញ៕

Advertisement