កូនស្រី គង់ ច័ន្ទស្រីមុំ ត្រូវប៉ាន់ខ្លាំង ក្លាយជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារអាមេរិក

អីយ៉ា!! ពិតជាមិនធម្មតាមែន!  អ្នកម្ដាយសម័យថ្មី គង់ ចាន់ស្រីមុំ ប្រសូតបុត្រី ទើបតែបានមួយខែសោះ ពេលនេះត្រូវបានក្រុមហ៊ុនទឹកដោះគោ និងអាហារទារកបានសម្រេចយកកូនស្រីអ្នកនាងធ្វើអ្នកតំណាងផលិតផលម្សៅទឹកដោះគោដែលទទួលបានតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ។

គង់ ច័ន្ទស្រីមុំ បានបង្ហើបថា កូនស្រីរបស់នាងដែលមានអាយុទើបតែបានមួយខែនោះត្រូវបានក្រុមហ៊ុនដែលចង់ផ្សព្វផ្សាយពីផលិតផលទារកជាច្រើនបានទាក់ទងមកជាហូរហែ ប៉ុន្តែជំហានដំបូងនេះ នាងបានសម្រេចចិត្តថា នឹងឱ្យកូនស្រីរបស់នាងក្លាយជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោល្បីឈ្មោះមួយដែលនាងជឿជាក់ថា ជាទឹកដោះគោ ដែលមានគុណភាពខ្ពស់ ព្រោះនាងផ្ទាល់បានសាកល្បងប្រើប្រាស់នៃផលិតផលម្សៅទឹកដោះគោមួយនេះ និងក្លាយជាអ្នកតំណាងផងដែរ។ ទឹកដោះគោម៉ាកល្បីនេះ សម្រាប់ទារកដូចជា​កូនស្រីរបស់នាង ប្រើហើយឃើញថា មានការបន្ទោបង់ទៀងទាត់ មិនរា មិនក្តៀន ហើយកូនស្រីនាងមានសុខភាពល្អទៀតផង ទើបនាងសម្រេចចិត្តថា នឹងឱ្យកូនស្រីរបស់នាងឈ្មោះ គីម សីហ៍មរកត ធ្វើជាអ្នកតំណាងរបស់ផលិតផលម្សៅទឹកដោះគោល្បីឈ្មោះមួយនេះរយៈពេលមួយឆ្នាំ។

បើតាមប្រភពមួយទៀតបានបង្ហើបថា នាងតូច គីម សីហ៍មរកត អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារឯណោះ តែអ្នកម្តាយស្រីមុំវិញនិយាយថា រឿងតម្លៃខ្លួនសុំ​លាក់សិន ព្រោះនៅមានកុងត្រាផ្សេងជាមួយនឹងក្រុមហ៊ុនលក់របស់ប្រើប្រាស់សម្ភារសម្រាប់ទារកផ្សេងៗទៀត។ ប៉ុន្តែអ្វីដែល គង់ ច័ន្ទស្រីមុំ អាចប្រាប់បាន នាងគ្រាន់តែប្រាប់ថា មិនក្រោមមួយម៉ឺនដុល្លារនោះទេ៕

Advertisement