មេធាវីអ្នកនាង Angelina Jolie គ្រោងបញ្ចប់រឿងក្ដីលែងលះនៅចុងឆ្នាំ 2018 នេះ

តាមរយៈសារព័ត៌មាន The Sun នៅពេលថ្មីៗនេះបានចេញផ្សាយឱ្យដឹងថា កំពូលតារាសម្ដែងស្រីអ្នកនាង Angelina Jolie កំពុងតែព្យាយាមដោះស្រាយបញ្ហាក្តីក្តាំងលែងលះគ្នាជាមួយអតីតស្វាមី គឺលោក Brad Pitt ដែលនៅមិនទាន់បានដាច់ស្រេច ក្រោយបែកគ្នាអស់រយៈពេលជិត2ឆ្នាំមក។

អ្នកដឹកនាំរឿង « ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ » បានដាក់ពាក្យបណ្តឹងលែងលះគ្នាកាលពីខែកញ្ញា ឆ្នាំ2016 ដើម្បីបញ្ចក់ជីវិតអាពាហ៍ពិពាហ៍រយៈពេល2ឆ្នាំ ក៏ដូចជាទំនាក់ទំនងស្នេហារយៈពេល10 ឆ្នាំរបស់ពួកគេ ដែលបានធ្វើឱ្យអ្នកទាំងពីរក្លាយគូស្នេហ៍ដ៏មានអំណាច និងល្បីល្បាយបំផុតប្រចាំហូលីវូដ។ ពួកគេមានកូន6នាក់ ដែលនៅក្នុងបន្ទុកចិញ្ចឹមបីបាច់ថែរក្សាដោយអ្នកនាង Jolie ទាំងអស់។

គួរបញ្ជាក់ថា មេធាវីថ្មីរបស់អ្នកនាង Angelina Jolie បានដាក់ឯកសារនៅតុលាការជាន់ខ្ពស់ក្រុងឡូសអាន់ជឺឡេស បាននិយាយថា តារាសម្តែងស្រីល្បីប្រចាំហូលីវូដរូបនេះ ចង់ឲ្យមានសាលក្រមសម្រេចឱ្យភាគីម្នាក់ៗវិលត្រឡប់មករកភាពនៅលីវវិញ នាដំណាច់ឆ្នាំ2018 នេះ។ ឯកសារនោះ បានបញ្ជាក់ទៀតថា លោក Pitt មិនបានចំណាយលើការឧបត្ថម្ភកូនៗនោះឡើយ ចាប់តាំងពីការចែកផ្លូវគ្នា ហើយថ្វីត្បិតតែការរៀបចំក្រៅផ្លូវការ ត្រូវបានធ្វើឡើងជាមួយលោកយ៉ាងណាក្តី ក៏ការចំណាយមិនបានទ្រទ្រង់ទៀងទាត់នោះដែរ៕

Advertisement