ស្ងាត់ៗ! តារាចម្រៀង យក់ ដួងតារា សម្រេចចិត្តបួសជាព្រះសង្ឃ

តារាចម្រៀងកន្ទ្រឹម និងមានទេពកោសល្យពហុជំនាញខាងផ្នែកសិល្បៈបុរាណខ្មែរ គឺលោក  យក់ ដួងតារា បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបានស្ងប់ស្ងាត់ពីការចេញបទចម្រៀង ហើយបែរជាសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃ ដើម្បីតបស្នងសងគុណដល់អ្នកម្ដាយទៅវិញ។

បើយោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាសរូបនេះបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកដែលមានខ្លឹមសារថា «លះកាត់សេចក្តីអាក្រក់ទាំងឡាយ​ ថ្វាយខ្លួនក្នុងវិស័យព្រះពុទ្ធសាសនា​ បួសសងគុណមាតាបិតា​ ជាតួនាទីរបស់កូនប្រុសគ្រប់ៗរូប។ សូមអនុមោទនា​ នូវកងការមហាកុសលដែលកើតចេញអំពីសេចក្តីជ្រះថ្លានេះ​ ឱ្យបានដល់ញាតិសន្ដានរបស់អស់លោកអ្នក​ កុំបីអាក់ខានឡើយ​ សាធុ​ សាធុ…»។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នៅក្នុងវិស័យព្រះពុទ្ធសាសនាហាក់មានភាពរង្គោះរង្គើ និងច្របូកច្របល់ ខណៈដែលកាលពីពេលថ្មីៗកន្លងទៅ មានការកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងព្រះសង្ឃដែលឆាន់ពោតស្ងោរជាមួយនឹងនារីម្នាក់ ដោយបានប្រព្រឹត្តអំពើកាមគុណនៅក្នុងវត្តអារាមតែម្ដង ហើយថែមទាំងបង្ហោះវីដេអូចូលបណ្ដាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍ជាខ្លាំងពីអ្នកនិយមបណ្ដាញហ្វេសប៊ុកទៀតផង។ ជាមួយនឹងសកម្មភាពមួយនេះ បានធ្វើឱ្យវិស័យពុទ្ធសាសនា ហាក់មានការធ្លាក់ចុះសទ្ធាយ៉ាងគួរឱ្យកត់សម្គាល់។

តែដោយឡែក សម្រាប់លោក យក់ ដួងតារា វិញ ក្រៅពីគោលបំណងសាងផ្នួសបួសជូនមាតាបិតាហើយ លោកថែមទាំងសុខចិត្តបោះបង់ចោលការងារសិល្បៈដែលខំតស៊ូជាយូរមកហើយ រួចងាកមកលើកតម្កើងវិស័យព្រះពុទ្ធសាសនាវិញម្ដង៕

Advertisement