ស្រី​លាភ​ បង្ហាញរូបក្រុមគ្រួសារជាមួយនាយ​ក្រឹមយ៉ាងកក់ក្ដៅ

តារាកំប្លែង​ជើងចាស់លោក អ៊ូ បុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម​ បាន​ក្លាយជា​ឪពុក​របស់​កូនភ្លោះ​ស្រី​​ ដែល​ទើប​នឹង​កើត​ ​ក្រោម​ចំណង​​​ស្នេហា​លួចលាក់​​​​។

គួរ​រំឭក​ផងដែរ​ថា កាលពី​ប៉ុន្មា​ន​ខែ​មុន​ ​ស្នេហា​លួចលាក់ដែល​នាយ​ក្រឹម​តែងតែ​បដិសេធ​ជាមួយ​បណ្ដាញ​សារព័ត៌មាន​នានា​កន្លងមក ​បានដឹង​ដល់​ភរិយា​ដើមរបស់លោក​​ ដែល​កាលនោះ​បានធ្វើ​ឱ្យ​អ្នកស្រី​ និង​​កូនប្រុស​ឆួលចុងច្រមុះ​យ៉ាងខ្លាំង​ រហូតដល់​មានប្រតិកម្ម​ថា នឹងដាក់​ពាក្យ​ប្ដឹង​តារា​កំប្លែង​ ស្រីលាភ ​ហៅ​នាងព្រលិត នោះ​ទៀតផង។ យ៉ាងណាក៏ដោយ ​ជុំវិញកំណើត​កូនភ្លោះ​ស្រីក្រៅ​ខាន់ស្លា​របស់​នាយ​ក្រឹម និង​តារា​កំប្លែង​កូនក្រុមរបស់ខ្លួន គឺ​អ្នកនាងស្រី​លាភនោះ នៅ​​មិនអាច​សុំ​ការបកស្រាយ​ផ្ទាល់ពី​តារា​សិល្បៈ​មួយគូ​ដែល​បានផ្តល់​កំណើត​កូនភ្លោះថ្មីៗនេះ​បានទេ ខណៈ​នាយ​ក្រឹម ដែលចាប់តាំងពី​ល្បី​ថា​ ស្រី​លាភមានកូន​ជាមួយខ្លួនហើយ​នោះ លោក​ក៏​មិន​សប្បាយ​ចិត្តនឹង​ព័ត៌មានដែល​ផ្សព្វ​ផ្សាយ​​អំពីរឿង​នេះដែរ។

កន្លងមកអ្នកនាងព្រលិតតែងបង្ហាញរូបភាពជាលក្ខណៈក្រុមគ្រួសារជាមួយលោក អ៊ូ បុណ្ណារ៉ាត់ តែថ្មីៗនេះស្រាប់តែអ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុក ខណៈដើរលេងកម្សាន្ដរួមគ្នាជាលក្ខណៈគ្រួសារជាមួយកូនៗ និងនាយក្រឹមយ៉ាងសប្បាយរីករាយជាមួយស្នាមញញឹមដ៏មានសុភមង្គលជាទីបំផុត។ សូមជម្រាបថា អ្នកទាំងពីរបានដាក់ឈ្មោះកូនភ្លោះរបស់ពួកគេថា អេលលីណា និងអេលលីសា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា ចាប់តាំងពីទទួលដំណឹងថា មានកូនភ្លោះក្នុងផ្ទៃមក នាងស្រីលាភបានសម្ងំលាក់ខ្លួនបាត់មុខឈឹងពីវិស័យសិល្បៈ សូម្បីតែការដើរហើរតាមទីសាធារណៈ ក៏កម្រនឹងឃើញដែរ ពិសេសការទៅណាមកណាជាមួយនាយក្រឹម គឺមិនដែលសោះតែម្តង។ តែនៅពេលនេះ ហាក់បីដូចជាអ្នកនាងកំពុងតែចង់លាតត្រដាង និងបើកចំហអំពីទំនាក់ទំនងស្នេហាជាមួយនាយក្រឹមម្ដងទៀតហើយ។

បើទោះជាគេដឹងច្បាស់ថា រវាងនាយក្រឹម និងអ្នកនាងលាភមានទំនាក់ទំនងស្នេហា និងរស់នៅជាគូស្នេហ៍នឹងគ្នារហូតដល់មានកូនភ្លោះស្រីទៅហើយក្តី ប៉ុន្តែបើនិយាយពីគម្រោងរៀបការវិញ គឺហាក់គ្មានពន្លឺទាល់តែសោះ ខណៈដែលភរិយាដើមនាយក្រឹមវិញនៅតែមានកំហឹងមិនទាន់រលត់នៅឡើយ៕

Advertisement